កងទ័ពជើងទឹកចិន និងរុស្ស៊ី នឹងធ្វើសមយុទ្ធកងទ័ពជើងទឹកឈ្មោះ «Joint Sea-2026» នៅខែនេះ ក្នុងដែនទឹក និងដែនអាកាសជិតទីក្រុងកំពង់ផែ Qingdao ក្នុងខេត្ត Shandong នៅភាគខាងកើតនៃប្រទេសចិន។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ក្រសួងការពារជាតិចិន កាលពីថ្ងៃអាទិត្យ (ទី៥ ខែកក្កដា ឆ្នាំ២០២៦)។
ក្រសួងបានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បន្ទាប់ពីសមយុទ្ធនេះ កងកម្លាំងមួយចំនួនមកពីភាគីទាំង២ នឹងធ្វើការល្បាតតាមដែនសមុទ្ររួមគ្នា នៅក្នុងតំបន់ពាក់ព័ន្ធនៃមហាសមុទ្រប៉ាស៊ីហ្វិក។ ហើយបើយោងតាមប្រភពយោធា បានបញ្ជាក់ថា គិតត្រឹមថ្ងៃអាទិត្យ នាវាមកពីភាគីរុស្ស៊ីដែលចូលរួមក្នុងសមយុទ្ធនេះ បានទៅដល់កំពង់ផែយោធា ក្នុងទីក្រុង Qingdao ដោយការប្រមូលផ្តុំកងកម្លាំងចូលរួមទាំងអស់បានបញ្ចប់សព្វគ្រប់។
រុស្ស៊ីបានបញ្ជូននាវាចម្បាំងបំពាក់មីស៊ីលតម្រង់គោលដៅ ១គ្រឿង នាវាចម្បាំងចម្បាំង ១គ្រឿង នាវាមុជទឹក ១គ្រឿង និងនាវាជួយសង្គ្រោះ ១គ្រឿង សម្រាប់សមយុទ្ធនេះ ខណៈដែលធនធានចូលរួមភាគច្រើនរបស់ចិន មានកងកម្លាំងមកពីកងទ័ពជើងទឹកនៃបញ្ជាការភូមិភាគខាងជើង រួមទាំងនាវាពិឃាតបំពាក់មីស៊ីលតម្រង់គោលដៅ នាវាចម្បាំងបំពាក់មីស៊ីលមានប្រព័ន្ធនាំផ្លូវ នាវាផ្គត់ផ្គង់ដ៏ទូលំទូលាយ នាវាជួយសង្គ្រោះ និងនាវាមុជទឹក។ ភាគីទាំង២ ក៏នឹងដាក់ពង្រាយឧទ្ធម្ភាគចក្រ និងអង្គភាពកងម៉ារីនផងដែរ។
ដោយផ្តោតលើការឆ្លើយតបរួមគ្នា ចំពោះការគំរាមកំហែងសន្តិសុខតាមដែនសមុទ្រ សមយុទ្ធនេះនឹងត្រូវបានអនុវត្តជា ៣ដំណាក់កាល គឺការជួបជុំកម្លាំង ការធ្វើផែនការនៅកំពង់ផែ និងប្រតិបត្តិការនៅសមុទ្រ។ ភាគីទាំង២ នឹងធ្វើសមយុទ្ធឈ្លបយកការណ៍រួមគ្នា គឺការការពារដែនអាកាស និងមីស៊ីល និងប្រតិបត្តិការវាយប្រហារតាមសមុទ្រ ក្នុងចំណោមសេណារីយ៉ូហ្វឹកហ្វឺនផ្សេងទៀត នៅសមុទ្រ៕

