ភ្លៀងធ្លាក់ និងខ្យល់បក់ខ្លាំងបង្កឡើងដោយសារព្យុះទីហ្វុង Bavi បានវាយប្រហារអាកាសយានដ្ឋានអន្តរជាតិ Antonio B. Won Pat ស្ថិតក្នុងកោះ Guam របស់សហរដ្ឋអាមេរិកនាថ្ងៃចន្ទនេះ ។
សំឡេងខ្យល់បោកបក់យ៉ាងខ្លាំង ត្រូវបានឮនៅក្នុងរូបភាពវីដេអូឃ្លីបរបស់សាក្សី ដែលថតបាននៅក្នុងអគារអាកាសយានដ្ឋាន ពេលដែលព្យុះបោកបក់ឆ្លងកាត់អាកាសយានដ្ឋានមួយនេះ ។
សេវាកម្មអាកាសធាតុជាតិសហរដ្ឋអាមេរិក រាយការណ៍ថា នៅថ្ងៃចន្ទនេះ ព្យុះប្រភេទទី ៥ Bavi បានបោកបក់ឆ្លងកាត់ប្រជុំកោះ Mariana ស្ថិតនៅតំបន់ភាគខាងលិចមហាសមុទ្រប៉ាស៊ីហ្វិក ដោយវាយប្រហារកោះ Guam, Tinian និងកោះ Saipan ក៏ដូចជាកោះ Rota ជាមួយនឹងកម្លាំងខ្យល់បក់ដ៏គ្រោះថ្នាក់ ។
ក្រុមអាជ្ញាធរនៅកោះ Guam ជំរុញឲ្យប្រជាពលរដ្ឋស្វែងរកទីជម្រកនៅនឹងកន្លែង ស្របពេលមានការគំរាមកំហែងពីខ្យល់បក់ដ៏គ្រោះថ្នាក់ ទឹកជំនន់ដ៏គំហក់ និងភ្លៀងធ្លាក់ខ្លាំង ។
ខណៈពេលនោះដែរ អភិបាលកោះ Guam លោក Lou Leon Guerrero និយាយនៅលើបណ្តាញព័ត៌មានសង្គម Facebook ថា ខ្យល់បក់កម្លាំងកម្រិតព្យុះត្រូពិក ១១៧គ.ម ក្នុង ១ម៉ោងនេះ នឹងបន្តមានពេញមួយយប់ ហើយប្រជាពលរដ្ឋគួរតែបន្តស្នាក់នៅក្នុងផ្ទះ រហូតដល់មានបញ្ចប់ការវាយតម្លៃការខូចខាតដំបូង ហើយនិងការបន្ទាបកម្រិតស្ថានភាពគ្រាសអាសន្ននៅលើប្រជុំកោះ Mariana ៕

