ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍ថា យោធាចិនបានបាញ់សាកល្បងមីស៊ីលចេញពីនាវាមុជទឹកនុយក្លេអ៊ែរចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក នៅថ្ងៃចន្ទ (ទី៦ ខែកក្កដា ឆ្នាំ២០២៦) នេះ ដែលនាំឱ្យមានការរិះគន់ និងក្ដីបារម្ភពីប្រទេសជប៉ុន អូស្ត្រាលី និងនូវែលសេឡង់។
ទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់ចិន គឺ Xinhua បានឱ្យដឹងថា នាវាមុជទឹកនុយក្លេអ៊ែររបស់កងទ័ពជើងទឹករំដោះប្រជាជនចិន បានបាញ់មីស៊ីលដែលផ្ទុកក្បាលគ្រាប់ក្លែងក្លាយទៅកាន់ដែនទឹកអន្តរជាតិ នៅមហាសមុទ្រប៉ាស៊ីហ្វិក នាម៉ោង ១២:០១ថ្ងៃត្រង់ ម៉ោងក្នុងស្រុក។ សារព័ត៌មាននេះបានបន្ថែមថា មីស៊ីលនោះបានធ្លាក់ចូលទៅក្នុង «ដែនទឹកដែលបានកំណត់» តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែម អំពីទីតាំងឡើយ។
សារព័ត៌មាន Xinhua បានពិពណ៌នាអំពីការបាញ់បង្ហោះនេះថា ជា «ការរៀបចំជាប្រចាំ» នៃការហ្វឹកហ្វឺនយោធាប្រចាំឆ្នាំរបស់ចិន ហើយបានបញ្ជាក់ថា ការបាញ់សាកល្បងនេះមិនត្រូវបានសំដៅទៅប្រទេស ឬគោលដៅជាក់លាក់ណាមួយឡើយ។
រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី Penny Wong បានប្រាប់ថា ចិនបានជូនដំណឹងដល់រដ្ឋាភិបាល អំពីការបាញ់សាកល្បងដែលបានគ្រោងទុក ប៉ុន្តែបាននិយាយថា ការបាញ់នេះ «កំពុងធ្វើឱ្យអស្ថិរភាព» សម្រាប់តំបន់។
ចំណែករដ្ឋាភិបាលជប៉ុន បានឱ្យដឹងថា ខ្លួនបានទទួលការជូនដំណឹង អំពីការបាញ់មីស៊ីល ហើយបានជំរុញឱ្យប្រទេសចិនពិចារណាឡើងវិញ។ ដោយដកស្រង់ប្រភពរដ្ឋាភិបាលជប៉ុន ទីភ្នាក់ងារសារព័ត៌មាន Kyodo បានរាយការណ៍នៅថ្ងៃចន្ទនេះថា មីស៊ីលបានធ្លាក់នៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) របស់ជប៉ុន។
រីឯរដ្ឋមន្ត្រីការបរទេសនូវែលសេឡង់ លោក Winston Peters បាននិយាយថា ប្រទេសរបស់លោកមានក្ដីបារម្ភយ៉ាងខ្លាំង ចំពោះការសាកល្បងនេះ ដោយបន្ថែមថា ខ្លួនត្រូវបានជូនដំណឹង «ក្នុងរយៈពេលប៉ុន្មានម៉ោង» នៃការបាញ់នេះ៕

