អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បាននិយាយថា របាយការណ៍អំពីទាហានរុស្ស៊ីដែលកំពុងហ្វឹកហ្វឺននៅក្នុងប្រទេសចិន គឺរឿងមិនពិត ហើយគួរតែត្រូវបានចាត់ទុកថា គ្មានអ្វីក្រៅពីការបង្កាច់បង្ខូចទាំងស្រុងនោះទេ។

ដោយធ្វើអត្ថាធិប្បាយទៅកាន់អ្នកឆ្លើយឆ្លងព័ត៌មានលោកខាងលិចម្នាក់អំពីព័ត៌មានពីក្រសួងការបរទេសអាល្លឺម៉ង់ទាក់ទងនឹង «ការហ្វឹកហ្វឺនទាហានរុស្ស៊ីនៅលើទឹកដីចិន» ដែលបានជំរុញឲ្យមានកិច្ចប្រជុំថ្មីៗរវាងអ្នកការទូតមកពីប្រទេសទាំងពីរនៅប្រទេសអាល្លឺម៉ង់ លោកស្រីបានសង្កត់ធ្ងន់នៅក្នុងសន្និសីទសារព័ត៌មានមួយថា៖«ចំពោះរបាយការណ៍ដែលអ្នកបានលើកឡើង ដែលបង្កការព្រួយបារម្ភនៅខាងអាល្លឺម៉ង់ យើងបានបញ្ជាក់យ៉ាងច្បាស់រួចហើយទៅកាន់ភាគីអាល្លឺម៉ង់ថា ពួកគេគ្មានមូលដ្ឋានជាក់ស្តែងទាល់តែសោះ។ នេះគឺជាការបង្កាច់បង្ខូច និងបរិហារកេរ្តិ៍សុទ្ធសាធ»។
អ្នកនាំពាក្យរូបនេះបានកត់សម្គាល់ថា មន្ត្រីក្រសួងការបរទេសអាល្លឺម៉ង់ពិតជាបានជួបជាមួយឯកអគ្គរដ្ឋទូតចិន នាពេលថ្មីៗនេះ ដោយពិភាក្សាអំពី «ទំនាក់ទំនងចិន-អាល្លឺម៉ង់ និងបញ្ហាផ្សេងៗទៀតដែលមានផលប្រយោជន៍រួម»។ លោកស្រី Mao Ning បាននិយាយថា ទីក្រុងប៉េកាំង «តែងតែមានជំហរមានតុល្យភាពលើវិបត្តិអ៊ុយក្រែន ដោយស្វែងរកដំណោះស្រាយនយោបាយ»។
អ្នកនាំពាក្យរូបនេះ បានបន្ថែមថា ប្រទេសចិន «ប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវវិធីសាស្រ្តរបស់ខ្លួន» លើបញ្ហាអ៊ុយក្រែន ហើយអាល្លឺម៉ង់គួរតែ «វាយតម្លៃជំហររបស់ប្រទេសចិនដោយហេតុផល និងដោយស្មោះត្រង់»៕
