នាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi បានចាកចេញពីទីក្រុងញូវដែលី នាថ្ងៃចន្ទនេះ សម្រាប់ដំណើរទស្សនកិច្ចនៅ ៣ប្រទេស ដោយចាប់ផ្តើមជាមួយប្រទេសឥណ្ឌូនេស៊ី បន្ទាប់មក អូស្រ្តាលី និងនូវែលសេឡង់ ។
លោក Modi និយាយនៅក្នុងសេចក្តីថ្លែងការណ៍បង្ហោះនៅលើបណ្តាញព័ត៌មានសង្គម Xថា ដំណើរទស្សនកិច្ចនេះ នឹងព្យាយាមជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងយុទ្ធសាស្រ្តជាមួយដៃគូអភិវឌ្ឍន៍ និងធានាថា យុវជនឥណ្ឌា នឹងទទួលបានឱកាសក្នុងពេលខាងមុខ ។
អំឡុងដំណើរទស្សនកិច្ចនេះដែរ លោក Modi រំពឹងផងដែរថា នឹងជួបមេដឹកនាំប្រទេសទាំង ៣ គឺប្រធានាធិបតីឥណ្ឌូនេស៊ី លោក Prabowo Subianto នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក Anthony Albanese និងនាយករដ្ឋមន្រ្តីនូវែសេឡង់លោក Christopher Luxon ។
លោក Modi បានរំឭកផងដែរពីអំឡុងដំណើរទស្សនកិច្ចលើកដំបូងរបស់លោកទៅកាន់ប្រទេសឥណ្ឌូនេស៊ីកាលពីឆ្នាំ ២០១៨ ជាពេលដែលឥណ្ឌា និងឥណ្ឌូនេស៊ី បង្កើតទំនាក់ទំនងទ្វេភាគីដល់កម្រិតភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ។
លោកថា ដំណើរទស្សនកិច្ចនេះ នឹងផ្តល់ឱកាស ពិនិត្យមើលឡើងវិញវឌ្ឍនភាពដែលបានបង្កើតឡើងនៅក្នុងភាពជាដៃគូ និងជំរុញបន្ថែមទៀតកិច្ចសហប្រតិបត្តិការវាងប្រទេសទាំង ២ លើវិស័យសំខាន់ៗជាច្រើន ៕

