សារព័ត៌មានកាណាដា The Globe and Mail បានរាយការណ៍កាលពីថ្ងៃអាទិត្យ (ទី៥ ខែកក្កដា ឆ្នាំ២០២៦) ថា នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney នឹងប្រកាសនៅថ្ងៃទី៦ ខែកក្កដានេះ អំពីក្រុមហ៊ុនដេញថ្លៃដែលអាចទទួលបានកិច្ចសន្យាសាងសង់នាវាមុជទឹកចំនួន ១២គ្រឿង សម្រាប់កងទ័ពជើងទឹកកាណាដា។

ដោយដកស្រង់ប្រភពនានា សេចក្ដីរាយការណ៍នេះ បានបញ្ជាក់ថា ការប្រកាសនេះនឹងត្រូវបានធ្វើឡើងមុនពេលលោក Carney ធ្វើដំណើរទៅកាន់កិច្ចប្រជុំកំពូលនៃមេដឹកនាំរបស់អង្គការណាតូ (NATO) ដែលគ្រោងធ្វើឡើងនៅថ្ងៃទី៧ និងទី៨ ខែកក្កដា នៅប្រទេសទួរគី។
ការិយាល័យនាយករដ្ឋមន្ត្រីមិនបានឆ្លើយតបភ្លាមៗឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ។ ក្រុមហ៊ុនប្រកួតប្រជែងចំនួន ២ ដើម្បីទទួលបានកិច្ចសន្យានេះ គឺក្រុមហ៊ុន Thyssenkrupp Marine Systems ជាក្រុមហ៊ុនដៃគូរអាល្លឺម៉ង់-ន័រវ៉ែស និងក្រុមហ៊ុនសាងសង់នាវាកូរ៉េខាងត្បូង Hanwha Ocean។
កាណាដា ដែលស្ថិតនៅក្រោមសម្ពាធពីសហរដ្ឋអាមេរិក ដើម្បីឱ្យបង្កើនការចំណាយលើវិស័យការពារជាតិ បានសម្រេចបានគោលដៅចំណាយយោធារបស់អង្គការណាតូចំនួន ២ភាគរយនៃផលិតផល ក្នុងស្រុកសរុប (GDP) មុនការគ្រោងទុកដំបូង។
បណ្ដាថ្នាក់ដឹកនាំអង្គការណាតូបានយល់ព្រមចំណាយ ៥ភាគរយនៃ GDP លើការវិនិយោគ ទាក់ទងនឹងការពារជាតិ និងសន្តិសុខនៅឆ្នាំ២០៣៥៕
