រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល លោក Israel Katz នៅថ្ងៃចន្ទ (ទី៦ ខែកក្កដា ឆ្នាំ២០២៦) នេះ បានគំរាមកំហែងបណ្ដាថ្នាក់ដឹកនាំអ៊ីរ៉ង់ដែលចង់បំផ្លាញអ៊ីស្រាអែល ដោយបន្ថែមថា គឺអ៊ីស្រាអែលទៅវិញទេដែលបានកម្ចាត់មេដឹកនាំត្រូវបានសម្លាប់ គឺលោក Ali Khamenei។
ការអត្ថាធិប្បាយបែបនេះរបស់លោក Katz បានកើតឡើងក្នុងពេលដែលអ៊ីរ៉ង់រៀបចំពិធីបុណ្យសពរយៈពេលជាច្រើនថ្ងៃ សម្រាប់លោក Khamenei។ បន្ទាប់ពីបានតម្កល់ឲ្យមានការចូលគោរពជាសាធារណៈរយៈពេល ២ថ្ងៃ នៅឯអគារសាសនា Grand Mosalla នៃទីក្រុងតេអេរ៉ង់ សាកសពរបស់លោក Khamenei បានចាប់ផ្តើមដង្ហែឆ្លងកាត់រដ្ឋធានី ដែលមានមនុស្សយ៉ាងច្រើនកុះករអមដំណើរ។

ប្រព័ន្ធផ្សព្វផ្សាយ CNN បានរាយការណ៍ដោយយោងអ្នកនាំពាក្យមួយរូបថា លោក Katz បានបញ្ជាក់ថា មេដឹកនាំអ៊ីរ៉ង់ណាដែល «ព្យាយាមជំរុញផែនការបំផ្លាញអ៊ីស្រាអែលនឹងត្រូវបានរារាំង»។ លោក Katz ត្រូវបានដកស្រង់សម្តី ដែលបាននិយាយថា «លោក Khamenei ដែលពិធីបុណ្យសពរបស់លោក កំពុងប្រព្រឹត្តទៅនាពេលនេះ ត្រូវបានកម្ចាត់ដោយអ៊ីស្រាអែល ដោយសារតែលោកបានផ្តួចផ្តើម និងដឹកនាំផែនការបំផ្លាញអ៊ីស្រាអែល នៅក្នុងប្រទេសអ៊ីរ៉ង់ និងនៅទូទាំងតំបន់»។
លោកបានបន្ថែមថា ការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល លើអ៊ីរ៉ង់ «បានលុបបំបាត់ការគំរាមកំហែងអត្ថិភាពភ្លាមៗ ដែលអ៊ីស្រាអែលកំពុងប្រឈមជាមួយ និងបានបំផ្លាញសមត្ថភាពយុទ្ធសាស្ត្ររបស់អ៊ីរ៉ង់យ៉ាងធ្ងន់ធ្ងរ»។
គួរបញ្ជាក់ថា លោក Khamenei និងសមាជិកគ្រួសារដទៃទៀត ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារកាលពីថ្ងៃទី២៨ ខែកុម្ភៈ នៅពេលដែលអ៊ីស្រាអែល និងសហរដ្ឋអាមេរិក បានទម្លាក់គ្រាប់បែកលើគោលដៅ នៅអ៊ីរ៉ង់ នៅដើមដំបូងនៃសង្គ្រាម៕

