
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រកាសសូមអបអរសាទរ និងជូនពរជ័យ សិរីសួស្ដី សុភមង្គល បវរមហាប្រសើរ ជូនដល់បងប្អូនសាសនិកខ្មែរឥស្លាមកម្ពុជា ទាំងក្នុង និងក្រៅប្រទេស រួមទាំងបងប្អូនសាសនិកឥស្លាមនៅទូទាំងសាកលលោកផងដែរ ដែលបានបញ្ចប់នូវពិធីអំណត់បួសខែរ៉ាម៉ាឌនប្រកបដោយជោគជ័យ ហេីយនឹងរីករាយស្វាគមន៍ថ្ងៃបុណ្យរ៉យ៉ាហ្វ៊ីទ្រី នៅថ្ងៃចន្ទ ទី១ ខែស្ហាវ៉ាល់ ឆ្នាំ ១៤៤៣ មូហាំម៉ាត់សករាជ ត្រូវនឹងថ្ងៃចន្ទ ២កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២។
សម្តេចតេជោ ហ៊ុន សែន សូមផ្ញើនូវក្តីនឹករលឹក និងអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបងប្អូនខ្មែរឥស្លាមកម្ពុជា ដែលបានចូលរួមថែរក្សាសុខសន្តិភាព រួមគ្នាជាមួយនឹងប្រជាជនកម្ពុជា ដែលប្រកាន់យកសាសនាផ្សេងៗ ហើយមានជំនឿជឿជាក់លើការដឹកនាំរបស់សម្តេច និងគណបក្សប្រជាជនកម្ពុជា តាំងពីដើមតរៀងមក ជាពិសេសបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការការពារទប់ស្កាត់ការឆ្លងរីករាលដាលជំងឺរាតត្បាតកូវីដ-១៩ដោយជោគជ័យ ដោយគោរពអនុវត្តបានយ៉ាងខ្ជាប់ខ្ជួនទៅតាមច្បាប់ សេចក្តីសម្រេចសារាចរណែនាំ និងវិធានការនានារបស់រាជរដ្ឋាភិបាល ដែលយើងទទួលបានជោគជ័យដ៍ធំធេង។
ទន្ទឹមនឹងនោះសម្តេចតេជោ ហ៊ុន សែន អំពាវនាវបងប្អូនអញ្ជើញទៅចូលរួមយុទ្ធនាក្នុងការចាក់វ៉ាក់សាំងដូសទី៣-៤ និង អាចទៅដូសទី៥ ដើម្បីប្រឆាំងជំងឺកូវីដ-១៩ ដើម្បីបងប្អូន គ្រួសារបងប្អូន និងជាតិរបស់យើងឱ្យបានគ្រប់ៗគ្នា៕






