ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ បានព្យាយាមពន្លត់ភ្លើងឆេះព្រៃនៅតំបន់ភាគខាងកើតប្រទេសអេស្ប៉ាញ ពេញមួយយប់រហូតដល់ថ្ងៃចន្ទនេះ ស្របពេលកដែលអណ្តាតភ្លើងបានរីករាលដាលខ្លាំងចូលទៅក្នុងឧទ្យានជាតិ Sierra de Espeda ក្នុងនោះក្រុមការងារព្យាយាមទប់ស្កាត់ភ្លើងឆេះព្រៃនេះ ក្រោមស្ថានភាពកាន់តែអាក្រក់ខ្លាំង ។
ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យព្យាយាមទប់ស្កាត់នៅខាងក្រោម ក្នុងនោះយន្តហោះពន្លត់អគ្គិភ័យ បានចូលរួមប្រតិបត្តិការផងដែរ ។ រូបភាពដែលបានចេញនៅថ្ងៃចន្ទនេះ ឃើញក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ កំពុងព្យាយាមពន្លត់អណ្តាតភ្លើងនៅតាមជើងភ្នំ ខណៈផ្សែងយ៉ាងក្រាស់ផុសពីលើភ្លើងឆេះព្រៃ ហើយអណ្តាតភ្លើងរីករាលដាលឆ្លងកាត់ដីព្រៃស្ងួត ។
អង្គភាពសង្រ្គោះបន្ទាន់យោធា(UME)របស់អេស្ប៉ាញ ត្រូវបានដាក់ពង្រាយ ដើម្បីជួយគាំទ្រក្រុមភ្នាក់ងារពន្លត់អគ្គិភ័យក្នុងតំបន់ ក្នុងនោះក្រុមមន្រ្តី ១១០នាក់ និងរថយន្តពន្លត់អគ្គិភ័យ ៤៧គ្រឿង បានចុះប្រតិបត្តិការនៅនឹងកន្លែង ។
ក្រុមឆ្លើយតបសង្រ្គោះបន្ទាន់ជាង ២០០នាក់ រួមទាំងក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ និងអង្គភាពអាកាសចំនួន ១២ បានពាក់ព័ន្ធនឹងប្រតិបត្តិការពន្លត់ភ្លើងឆេះព្រៃនេះ ។
ខណៈពេលនោះដែរ ទីភ្នាក់ងារឧតុនិយមអេស្ប៉ាញ បានព្រមានថា សីតុណ្ហភាពអាចនឹងកើនឡើងដល់ ៣៥អង្សាសេ ក្នុងនោះសំណើមនឹងធ្លាក់ចុះក្រោម ២០ភាគរយ ហើយខ្យល់បក់នៅទិសអាគ្នេយ៍ នឹងបង្កើនល្បឿនដល់ ៤០គ.ម ក្នុង ១ម៉ោង ដែលវានឹងធ្វើឲ្យកាន់តែស្មុគស្មាញបន្ថែមទៀតដល់កិច្ចខិតខំគ្រប់គ្រងភ្លើងឆេះព្រៃ ៕

