យោងតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល នៅថ្ងៃចន្ទ (ទី៦ ខែកក្កដា ឆ្នាំ២០២៦) នេះ បានឱ្យដឹងថា កងទ័ពអាកាសអ៊ីស្រាអែល និងក្រិក បានចាប់ផ្ដើមសមយុទ្ធយោធារួមគ្នាឡើងវិញ បន្ទាប់ពីបានផ្អាកយ៉ាងយូរ ដោយសារសង្គ្រាមអ៊ីស្រាអែល នៅតំបន់ហ្កាហ្សា ព្រមទាំងនៅប្រទេសលីបង់ និងអ៊ីរ៉ង់។
ទូរទស្សន៍ Channel 12 បានផ្សាយថា «កងទ័ពអាកាសបានត្រឡប់មកហ្វឹកហាត់ជាមួយកងទ័ពអាកាសរបស់ក្រិកវិញហើយ បន្ទាប់ពីការហ្វឹកហាត់រួមគ្នាបែបនេះ មិនបានកើតឡើងក្នុងរយៈពេលដ៏យូរ ដោយសារតែសង្គ្រាម»។ ប្រព័ន្ធផ្សព្វផ្សាយនេះបានបន្ថែមថា វីដេអូដែលចេញផ្សាយដោយកងទ័ពអាកាសក្រិក បង្ហាញពីយន្តហោះអ៊ីស្រាអែលកំពុងចាក់ប្រេងយន្តហោះចម្បាំង F-16 របស់ក្រិក ក្នុងអំឡុងពេលហោះហើរ នៅពីលើសមុទ្រ Aegean។
ទូរទស្សន៍នេះបានឱ្យដឹងទៀតថា «កិច្ចសហប្រតិបត្តិការ រវាងកងទ័ពអាកាសអ៊ីស្រាអែល និងក្រិកនេះ មិនមែនជាជម្រើសចៃដន្យឡើយ។ វាគឺជាផ្នែកមួយនៃផែនការយុទ្ធសាស្ត្រទូលំទូលាយដែលកំពុងលេចចេញជារូបរាងនៅក្នុងតំបន់»។
កងទ័ពអ៊ីស្រាអែលបានធ្វើសង្គ្រាមនៅតំបន់ហ្កាហ្សា ចាប់តាំងពីខែតុលា ឆ្នាំ២០២៣ ដោយបានសម្លាប់មនុស្សជាង ៧៣.០០០នាក់។ អ៊ីស្រាអែលក៏បានបើកការវាយលុករួមគ្នា ជាមួយសហរដ្ឋអាមេរិក នៅអ៊ីរ៉ង់កាលពីថ្ងៃទី២៨ ខែកុម្ភៈ ដែលបង្កឱ្យមានការប្រយុទ្ធគ្នាអស់រយៈពេលជាច្រើនសប្តាហ៍នៅទូទាំងតំបន់៕

