មហាព្យុះ Bavi បានបោកបក់ដល់ដីគោកនៅកោះរបស់សហរដ្ឋអាមេរិកនៅតំបន់ភាគខាងលិចមហាសមុទ្រប៉ាស៊ីហ្វិកស្ថិតនៅជិតកោះ Guam ក្នុងនោះក្រុមអាជ្ញាធរ ទទួលបានសេចក្តីរាយការណ៍ពីការខូចខាតទ្រង់ទ្រាយធំ ស្របពេលដែលខ្យល់បក់ និងភ្លៀងធ្លាក់ខ្លាំង វាយប្រហារកោះ Northern Mariana ។
យោងតាមការអះអាងរបស់សេវាកម្មអាកាសធាតុជាតិសហរដ្ឋអាមេរិក(NWS)បានឲ្យដឹងថា ចំណុចកណ្តាលរបស់ព្យុះ Bavi បានឆ្លងកាត់កោះ Rota នៅព្រឹកថ្ងៃចន្ទនេះ(ពេលវេលាក្នុងស្រុក) ជាមួយនឹងកម្លាំងខ្យល់បក់ក្នុងល្បឿន ២៤១គ.ម ក្នុងមួយ ដែលស្មើនឹងកម្រិតព្យុះប្រភេទទី ៥ ។
សេវាកម្ម NWS បន្តថា ព្យុះមួយនេះ កំពុងធ្វើដំណើរក្នុងល្បឿន ១៤គ.ម ក្នុង ១ម៉ោង ឆ្ពោះទៅកាន់ប្រទេសហ្វីលីពីន ។
មុនការមកដល់របស់ព្យុះ ក្រុមអាជ្ញាធរនៅកោះ Guam បានជំរុញឲ្យប្រជាពលរដ្ឋស្វែងរកទីជម្រកនៅនឹងកន្លែង ស្របពេលមានការគំរាមកំហែងពីខ្យល់បក់ដ៏គ្រោះថ្នាក់ ទឹកជំនន់ដ៏គំហក់ និងភ្លៀងធ្លាក់ខ្លាំង ។
ព្យុះ Bavi បានធ្វើឲ្យប៉ះពាល់តំបន់ជាច្រើននៅកោះ Northern Mariana និងកោះ Guam គឺជាដែនដីរបស់សហរដ្ឋអាមេរិក ។ ដែនដីទាំង ២នេះ នៅមិនទាន់ងើបរួចនោះទេ ពីមហាព្យុះទីហ្វុង Sinlaku ដែលបានវាយប្រហារកាលពីពាក់កណ្តាលខែមេសាកន្លងទៅ ៕