រដ្ឋមន្រ្តីការពារជាតិប៉ូឡូញលោក Wladyslaw Kosiniak-Kamysz និយាយនៅថ្ងៃចន្ទនេះថា សហរដ្ឋអាមេរិកបានបញ្ជាក់ថា ពួកគេនឹងចាប់ផ្តើមឡើងវិញក្នុងរយៈពេលប៉ុន្មានសប្តាហ៍ទៀតនេះ នូវការឆ្លាស់វេនទាហានសហរដ្ឋអាមេរិកទៅកាន់ប្រទេសប៉ូឡូញ ក្រោយផ្អាកដំណើរការបណ្តោះអាសន្ន ។
បច្ចុប្បន្ន សហរដ្ឋអាមេរិកកំពុងពិនិត្យមើលឡើងវិញចំនួនទាហានរបស់ខ្លួនដែលត្រូវឈរជើងនៅអឺរ៉ុប ដោយពួកគេនិយាយថា បណ្តាប្រទេសអឺរ៉ុបគួរតែមានទំនួលខុសត្រូវច្រើនជាងនេះ និងចំណាយច្រើនជាងនេះ លើវិស័យការពារជាតិរបស់ខ្លួន ។
ទីក្រុងវ៉ាស៊ីនតោន បានប្រកាសកាលពីខែឧសភាថា ពួកគបានផ្អាកការឆ្លាស់វេនទាហានសហរដ្ឋអាមេរិកទៅកាន់ប្រទេសប៉ូឡូញដែលជារដ្ឋសមាជិកអង្គការណាតូ ។
ទោះបីជាយ៉ាងណាក៏ដោយ រយៈពេលប៉ុន្មានថ្ងៃក្រោយមក ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និយាយថា សហរដ្ឋអាមេរិកនឹងបញ្ជូនទាហាន ៥ពាន់នាក់បន្ថែមទៀតទៅកាន់ប្រទេសមួយនេះ ដែលមានព្រំដែនរួមគ្នាជាមួយអ៊ុយក្រែន និងបេឡារុសដែលជាសម្ព័ន្ធមិត្តជិតស្និតរបស់រុស្ស៊ី ។
អំឡុងពិធីមួយរៀបចំឡើងនៅរោងចក្រផលិតមីស៊ីល លោក Kosiniak-Kamysz និយាយថា ប៉ូឡូញគឺជាសម្ព័ន្ធមិត្តស្មោះស្ម័គ្ររបស់សហរដ្ឋអាមេរិក ដូច្នេះហើយលោកពេញចិត្តខ្លាំងណាស់នៅពេលឮថា ការឆ្លាស់វេនទាហានអាមេរិក ដែលត្រូវបានផ្អាកកាលពីរយៈពេលប៉ុន្មានសប្តាហ៍មុន បច្ចុប្បន្ននឹងចាប់ផ្តើមឡើងវិញ ហើយនិងបញ្ចប់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ទៀតនេះ ។
នៅមុននេះ រដ្ឋាភិបាលប៉ូឡូញ បានបង្ហើបឲ្យដឹងថា ពួកគេកំពុងធ្វើការ ដើម្បីធ្វើឲ្យទាហានអាមេរិកវិលត្រឡប់មកវិញ ប៉ុន្តែពេលកំណត់ ពុំច្បាស់លាស់នោះទេ ៕