យន្តហោះជាច្រើនគ្រឿង បានទម្លាក់ទឹកលើភ្លើងឆេះព្រៃដែលកំពុងឆាបឆេះតំបន់ភាគនិរតីប្រទេសបារាំងនាថ្ងៃចន្ទនេះ និងបង្ខំឲ្យមនុស្សរាប់ពាន់នាក់ជម្លៀសខ្លួនចេញពីទីក្រុងជាច្រើន ។
លោក Pierre Regnault de la Mothe គឺជាអភិបាលស្រុកមួយរូបនិយាយក្នុងសារបង្ហោះនៅលើបណ្តាញព័ត៌មានសង្គម Xថា ភ្លើងឆេះព្រៃ បានឆាបឆេះតំបន់ព្រៃនៅតាមជើងភ្នំ Pyrenees លើផ្ទៃដីទំហំ ៤.៦០០ហិចតា ស្ថិតនៅជិតព្រំដែនប្រទេសអេស្ប៉ាញ ។
ភ្លើងឆេះព្រៃដែលបានចាប់ផ្តើមនៅជិតភូមិ Trevillach បណ្តាលឲ្យមនុស្ស ៥នាក់រងរបួស រួមទាំងភ្នាក់ងារពន្លត់អគ្គិភ័យម្នាក់ផងដែរ ។
ភ្លើងឆេះព្រៃនេះដែរ កំពុងឆាបឆេះតំបន់ក្បែរៗនឹងដំណាក់កាលទី ៣នៃការប្រណាំងកង់ Tour de France ហើយក្រុមអាជ្ញាធរក្នុងស្រុក បានបិទផ្លូវមិនអនុញ្ញាតឲ្យសាធារណជនចូលនោះឡើយ ដើម្បីផ្តល់ភាពងាយស្រួលដល់ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ ក្នុងការពន្លត់ភ្លើងឆេះព្រៃទាំងនេះ ៕