ក្រសួងការពារជាតិអង់គ្លេស បានប្រកាសនៅថ្ងៃចន្ទ (ទី៦ ខែកក្កដា ឆ្នាំ២០២៦) នេះថា យន្តហោះចម្បាំងអង់គ្លេស បានស្ទាក់យន្តហោះរុស្ស៊ី ១គ្រឿង ដែល «បានចូលទៅកៀកម្តងហើយម្តងទៀត» នឹងនាវាចម្បាំង HMS Prince of Wales នៅសមុទ្រន័រវ៉ែស (Norwegian Sea)។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយ Sky News។
ក្រសួងបានឱ្យដឹងថា៖ «យើងអាចបញ្ជាក់បានថា ខណៈពេលកំពុងប្រតិបត្តិការនៅសមុទ្រន័រវ៉ែស ក្នុងប្រតិបត្តិការ Operation Firecrest ក្រុមវាយប្រហារនៃនាវាផ្ទុកយន្តហោះរបស់ចក្រភពអង់គ្លេស ត្រូវបានយន្តហោះល្បាតសមុទ្រ Bear-F របស់រុស្ស៊ី ចូលទៅកៀកម្តងហើយម្តងទៀត។ យន្តហោះនេះត្រូវបានស្ទាក់ និងអមដំណើរដោយយន្តហោះចម្បាំង F-35 របស់ចក្រភពអង់គ្លេស ពីនាវាចម្បាំង HMS Prince of Wales ពេញមួយការប្រឈមមុខគ្នានេះ»។
ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី២ ខែកក្កដា នៅពេលដែលការប៉ុនប៉ងរបស់កងកម្លាំងអង់គ្លេស ដើម្បីទាក់ទងយន្តហោះនោះ ត្រូវបានគេរាយការណ៍ថា មិនបានទទួលការឆ្លើយតបទេ។
ក្រសួងបានបញ្ជាក់ថា «សកម្មភាពនេះមិនមានសុវត្ថិភាព និងមិនមានវិជ្ជាជីវៈ ដោយយន្តហោះចម្បាំង Bear-F បានហោះកាត់នៅរយៈកម្ពស់ទាប និងទៅកៀកនឹងនាវាចម្បាំង HMS Prince of Wales ដោយមិនចាំបាច់ និងបានទម្លាក់ឧបករណ៍អណ្ដែតទឹកមួយចំនួន នៅក្បែនាវាផ្ទុកយន្តហោះ»៕