ក្រុមមន្ត្រីមូលដ្ឋានបាននិយាយថា ការវាយប្រហារដោយយានដ្រូន និងមីស៊ីល របស់រុស្ស៊ីដ៏ធំមួយលើទីក្រុងគីវ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ២២ នាក់ និងបណ្ដាលឱ្យមនុស្ស ៩០ នាក់របួសនៅក្នុងរដ្ឋធានីអ៊ុយក្រែន និងតំបន់ជុំវិញកាលពីយប់ជ្រៅឈានចូលថ្ងៃចន្ទ ខណៈប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានអំពាវនាវម្តងទៀតដល់ដៃគូសម្ព័ន្ធណាតូឱ្យបង្កើនការដឹកជញ្ជូនគ្រាប់រំសេវប្រឆាំងមីស៊ីលសំខាន់ៗ។

កងទ័ពអាកាសអ៊ុយក្រែនបាននិយាយនៅក្នុងសារលើ Telegram ថា រុស្ស៊ីបានបាញ់មីស៊ីលចំនួន ៦៨ គ្រាប់ ក្នុងចំណោមនោះមានមីស៊ីលផ្លោងចំនួន ២៣ គ្រាប់ និងយានដ្រូនចំនួន៣៥១ គ្រឿងចូលទៅក្នុងប្រទេសនេះកាលពីយប់ថ្ងៃអាទិត្យឈានចូលថ្ងៃចន្ទ។

កងទ័ពអាកាសបាននិយាយថា មីស៊ីលចំនួន ៣៧ គ្រាប់ និងយានដ្រូនចំនួន ៣២៦ គ្រឿងត្រូវបានបាញ់ទម្លាក់ ឬទប់ស្កាត់បាន ដោយមានផលប៉ះពាល់នៃមីស៊ីលចំនួន២៩ គ្រាប់ និងយានដ្រូន១៨ គ្រឿង ត្រូវបានរាយការណ៍នៅទូទាំងទីតាំងចំនួន ៣៤។
ក្រុមមន្ត្រីបាននិយាយថា រដ្ឋធានីនេះ បានរងការវាយប្រហារដ៏ធ្ងន់ធ្ងរបំផុតរបស់រុស្ស៊ីកាលពីយប់ថ្ងៃចន្ទ។ លោក Vitali Klitschko អភិបាលក្រុងគីវ និងរដ្ឋបាលតំបន់របស់ទីក្រុងនេះ បាននិយាយនៅក្នុងសារលើបណ្ដាញសង្គម Telegram ថា មនុស្សយ៉ាងហោចណាស់១៥ នាក់បានស្លាប់ និងមនុស្សជាង៥០នាក់បានរងរបួស ដែលក្នុងនោះលោក Klitschko បាននិយាយថា មនុស្សយ៉ាងហោចណាស់២៦ នាក់ត្រូវបានសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
យោងតាមអភិបាលតំបន់ លោក Mykola Kalashnyk មនុស្ស៦ នាក់ទៀតបានស្លាប់ និងយ៉ាងហោចណាស់ ២៦ នាក់ បានរងរបួសនៅទូទាំងតំបន់ Kyiv ទាំងមូល៕
