អ្នកគាំទ្របាល់ទាត់អេស្ប៉ាញបានផ្ទុះក្ដីរំភើបពេញទីក្រុង Madrid កាលពីថ្ងៃទី៦ ខែកក្កដា បន្ទាប់ពីខ្សែបម្រើក្រុមកាំភ្លើងធំ Arsenal, Mikel Merino ស៊ុតបញ្ចូលទីគ្រាប់ជ័យនៅនាទីដំបូងនៃម៉ោងបន្ថែមបង្គ្រប់ ៩០+១ ជួយឱ្យក្រុមជម្រើសជាតិអេស្ប៉ាញយកឈ្នះព័រទុយហ្គាល់ក្នុងលទ្ធផល ១-០ និងកក់កៅអីឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup។
គ្រាប់បាល់របស់ Merino កើតឡើងត្រឹមតែ ៦ នាទីប៉ុណ្ណោះ បន្ទាប់ពីរូបគេត្រូវបានប្តូរចូលលេង ក្នុងការប្រកួតដ៏តានតឹងរវាងក្រុមទាំងពីរ ដែលធ្វើឡើងនៅកីឡដ្ឋាន Dallas រដ្ឋតិចសាស។ គ្រាប់បាល់នេះបានបំបែកភាពរឹងមាំរបស់ខ្សែការពារព័រទុយហ្គាល់ ដែលអាចទប់ទល់ការវាយសម្រុករបស់អេស្ប៉ាញបានអស់រយៈពេលជិតពេញការប្រកួត។
ចំណែកឯបរាជ័យរបស់ព័រទុយហ្គាល់ ត្រូវបានគេរំពឹងថា អាចជាការប្រកួត World Cup លើកចុងក្រោយរបស់ខ្សែប្រយុទ្ធជើងចាស់ Cristiano Ronaldo វ័យ ៤១ ឆ្នាំ ដែលបានបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ World Cup លើកទី៦ ស្មើកំណត់ត្រាពិភពលោក និងស៊ុតបញ្ចូលទីបាន ៣ គ្រាប់ក្នុងការប្រកួតឆ្នាំនេះ៕ អត្ថបទ៖នាង សុភាវុធ




