ខ្សែប្រយុទ្ធជើងចាស់ Cristiano Ronaldo បានបដិសេធមិនធ្វើការសម្រេចចិត្តភ្លាមៗអំពីអនាគតរបស់ខ្លួនជាមួយក្រុមជម្រើសជាតិព័រទុយហ្គាល់ បន្ទាប់ពីក្រុមរងបរាជ័យ ១-០ ក្រោមថ្វីជើងអេស្ប៉ាញ ក្នុងវគ្គ ១៦ ក្រុមចុងក្រោយនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup។
ការប្រកួតត្រូវបានសម្រេចដោយគ្រាប់បាល់នៅនាទីចុងក្រោយពីខ្សែបម្រើ Mikel Merino ដែលបានប្តូរចូលលេង និងស៊ុតបញ្ចូលទីជួយឱ្យអេស្ប៉ាញកក់កៅអីឡើងទៅវគ្គ ៨ ក្រុមចុងក្រោយ។
ក្រោយបញ្ចប់ការប្រកួត Ronaldo បានប្រាប់អ្នកសារព័ត៌មានថា អេស្ប៉ាញមានសំណាងជាងបន្តិច ក្នុងការរកបានគ្រាប់បាល់ជ័យជម្នះ។
ខ្សែប្រយុទ្ធវ័យ ៤១ ឆ្នាំរូបនេះ បានបញ្ជាក់ថានេះជាការប្រកួត World Cup លើកចុងក្រោយរបស់ខ្លួន តែអនាគតជាមួយក្រុមជម្រើសជាតិមិនទាន់សម្រេចនៅពេលនេះទេ ដោយបញ្ជាក់ថា លោកមិនចង់ឱ្យការសម្រេចចិត្តផ្ទាល់ខ្លួន មកបាំងសមិទ្ធផល និងការខិតខំប្រឹងប្រែងរបស់ក្រុមជម្រើសជាតិឡើយ។
Ronaldo ក៏បានបង្ហាញពីមោទនភាពចំពោះអ្វីដែលលោកបានរួមចំណែកជាមួយក្រុមជម្រើសជាតិព័រទុយហ្គាល់។ ក្នុងអាជីពជាមួយជម្រើសជាតិ លោកបានជួយព័រទុយហ្គាល់ឈ្នះពាន UEFA Euro 2016 និងពាន UEFA Nations League ចំនួនពីរលើក នៅឆ្នាំ ២០១៩ និងឆ្នាំ ២០២៥។
សម្រាប់អាជីពនៅកម្រិតក្លិប Ronaldo ធ្លាប់លេងឱ្យ Sporting Lisbon, Manchester United, Real Madrid, Juventus និងបច្ចុប្បន្នកំពុងប្រកបអាជីពជាមួយ Al Nassr។
ចាប់តាំងពីបង្ហាញខ្លួនលើកដំបូងឱ្យក្រុមជម្រើសជាតិព័រទុយហ្គាល់ក្នុងឆ្នាំ ២០០៣ មក Ronaldo បានបង្ហាញខ្លួនសរុប ២៣៣ ប្រកួត និងស៊ុតបញ្ចូលទីបាន ១៤៦ គ្រាប់ ដែលជាកំណត់ត្រាដ៏អស្ចារ្យមួយក្នុងប្រវត្តិសាស្ត្របាល់ទាត់អន្តរជាតិ៕ អត្ថបទ៖នាង សុភាវុធ





