ក្រុមហាម៉ាសចលនាប៉ាឡេស្ទីន បានប្រកាសកាលពីថ្ងៃចន្ទ ទី៦ ខែកក្កដា អំពីការរំលាយស្ថាប័នដែលបានគ្រប់គ្រងតំបន់ហ្កាហ្សារយៈពេលជិតពីរទសវត្សរ៍មកនេះ ដោយបើកផ្លូវសម្រាប់គណៈកម្មាធិការបច្ចេកទេសដើម្បីអនុវត្តការគ្រប់គ្រងស៊ីវិល។ ចំណាត់ការនេះ បង្ហាញពីការផ្លាស់ប្តូរនយោបាយដ៏សំខាន់ធ្វើឡើងដោយក្រុមហាម៉ាសដែលបានគ្រប់គ្រងតំបន់ហ្កាហ្សាចាប់តាំងពីក្រុមអ្នកប្រយុទ្ធរបស់ខ្លួនបានដណ្តើមការគ្រប់គ្រងពីក្រុមFatahចលនាប៉ាឡេស្ទីនក្នុងឆ្នាំ២០០៧។

ចាប់តាំងពីបទឈប់បាញ់បានចូលជាធរមាននៅក្នុងតំបន់ហ្កាហ្សាកាលពីខែតុលាឆ្នាំមុនរវាងក្រុមហាម៉ាស និងអ៊ីស្រាអែល ក្រុមនេះបាននិយាយដដែលៗថា ខ្លួនត្រៀមជាស្រេចដើម្បីដកខ្លួនដោយស្ម័គ្រចិត្តចេញពីការគ្រប់គ្រង ប៉ុន្តែបញ្ហាស្មុគស្មាញនៃការរំសាយអាវុធរបស់ខ្លួននៅតែមិនត្រូវបានដោះស្រាយ។

លោក Ismail al-Thawabta ប្រធានការិយាល័យប្រព័ន្ធផ្សព្វផ្សាយរដ្ឋាភិបាលរបស់ក្រុមហាម៉ាសបាននិយាយថា «ប្រធានគណៈកម្មាធិការគ្រាអាសន្នរបស់រដ្ឋាភិបាល លោក Mohammed al-Farra បានដាក់លិខិតលាលែងពីតំណែងជាផ្លូវការ»។ ការិយាល័យនេះបាននិយាយបន្ថែមថា «លោកបានសម្រេចចិត្តរំលាយគណៈកម្មាធិការនេះដើម្បីសម្រួលដល់ការផ្លាស់ប្តូររដ្ឋបាល និងរដ្ឋាភិបាលទៅឲ្យគណៈកម្មាធិការជាតិសម្រាប់ការគ្រប់គ្រងតំបន់ហ្កាហ្សា (NCAG)»។ គណៈកម្មាធិការជាតិសម្រាប់ការគ្រប់គ្រងតំបន់ហ្កាហ្សា(NCAG) បច្ចុប្បន្នមានមូលដ្ឋាននៅទីក្រុងគែរ ត្រូវបានបង្កើតឡើងដោយក្រុមប្រឹក្សាសន្តិភាព ដែលប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានបង្កើតឡើង នៅពេលដែលលោកបានសម្របសម្រួលបទឈប់បាញ់កាលពីក្នុងខែតុលា ឆ្នាំ២០២៥។
អ្នកនាំពាក្យរបស់ក្រុមហាម៉ាស លោក Hazem Qassem បាននិយាយថា «ក្រុមហាម៉ាស បានចាត់វិធានការថ្មី ដោយខ្លួននឹងលែងទទួលទទួលខុសត្រូវចំពោះតំបន់ហ្កាហ្សាទៀតហើយ»។
