កីឡា៖ ការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិឆ្នាំ២០២២ បានបើកការប្រកួតផ្លូវការហើយកាលពីល្ងាចថ្ងៃទី៣០ ខែមេសាចុងសប្ដាហ៍កន្លងទៅក្រោមវត្តមានឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ខណៈព្រឹត្តិការណ៍នេះរៀបចំឡើងក្នុងគោលបំណង ៤សំខាន់ៗស្របតាមកំណែទម្រង់របស់ក្រសួង និងរាជរដ្ឋាភិបាលកម្ពុជា។
ឯកឧត្តម ប៊ូ ជុំសេរី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មការរៀបចំការប្រកួត និងអង្គភាពពាក់ព័ន្ធគ្រប់រាជធានី-ខេត្តដែលបានសហការរៀបចំព្រឹត្តិការណ៍នេះ ឲ្យរលូនតាមការគ្រោងទុក ពិសេសអំឡុងពេលរាជរដ្ឋាភិបាលបានបើកដំណើរការប្រទេសឡើងវិញ ក៏ដូចជាការអនុញ្ញាតឲ្យទស្សនិកជន ១០០% ចូលរួមទស្សនាការប្រកួតលីគ និងសកម្មភាពកីឡាជាតិឡើងវិញជាដើម។ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាដដែលបន្ដថា ការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិនេះ ផ្ដោតលើគោលបំណង ៤សំខាន់រួមមាន៖ ១-បំផុសសកម្មភាពអប់រំកាយ និងកីឡានៅក្នុងគ្រឹះស្ថានសិក្សា និងនៅតាមរាជធានី-ខេត្ត។ ២-ជួយឲ្យសិស្សមានសុខុមាលភាពល្អ កាយសម្បទាមាំមួន ឆន្ទៈមោះមុត អំណត់ព្យាយាម មានវិន័យ ស្មារតីក្រុម គំនិតច្នៃប្រឌិត និងតស៊ូស្វិតស្វាញសំដៅដណ្ដើមបានលទ្ធផលល្អប្រសើរលើការប្រកួត ទទួលបានលទ្ធផលការសិក្សាល្អ និងជីវភាពរស់នៅសុខដុមរមនា។ ៣-លើកទឹកចិត្តដល់អ្នកលេងកីឡា និងអ្នកដែលមានឧបនិស្ស័យដើម្បីជ្រើសរើសបានជាកីឡាករ-កីឡាការិនីថ្នាលល្អៗចូលក្នុងក្រុមជម្រើសជាតិ ចូលរួមក្នុងការហ្វឹកហាត់ត្រៀមលក្ខណៈចូលរួមប្រកួតនៅលើឆាកជាតិ និងអន្ដរជាតិនានា។ ៤-បង្កលក្ខណៈឲ្យសិស្សជួបជុំគ្នា ស្គាល់គ្នា ចងមិត្តភាព សាមគ្គីភាព ដើម្បីចេះរួមរស់ជាមួយគ្នានៅក្នុងសង្គម។
គួរដឹងថា តាំងពីឆ្នាំ២០១៩ មក ក្រសួងអប់រំបានធ្វើកំណែទម្រង់ការប្រកួតកីឡាសិស្ស-និស្សិតពីការប្រកួតកីឡាសិស្ស និស្សិតជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ ទៅជាការប្រកួតកីឡាសិស្សថ្នាក់ជាតិ និងកីឡាសាកលវិទ្យាល័យថ្នាក់ជាតិរៀងរាល់ ២ឆ្នាំម្តង ដោយធ្វើចន្លោះឆ្នាំគ្នាជាមួយការប្រកួតកីឡាជាតិ ហើយថវិកាក្នុងឆ្នាំដែលមិនបានប្រកួត ក្រសួងនឹងបង្វែរទៅធ្វើទីលានកីឡានៅតាមសាលារៀនវិញ។ ការធ្វើកំណែទម្រង់នេះ ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើននៃវិស័យកីឡាជាតិក៏ដូចជាក្នុងតំបន់ ដើម្បីជ្រើសរើសបានកីឡាករ-កីឡាការិនីល្អៗចូលក្នុងក្រុមជម្រើសជាតិ ចូលរួមក្នុងការហ្វឹកហាត់ត្រៀមលក្ខណៈ ចូលរួមការប្រកួតនៅលើឆាកជាតិ និងអន្តរជាតិនានា ជាពិសេសត្រៀមខ្លួនឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។ នេះជាការបញ្ជាក់បន្ថែមរបស់ឯកឧត្តម ប៊ូ ជុំសេរី។ បើតាមការបញ្ជាក់ពីលោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡាបានបញ្ជាក់ថា ការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះ បានរៀបចំការប្រកួតលើ ៨ប្រភេទកីឡាស្មើនឹង ៣៤វិញ្ញាសារួមមានកីឡាបាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម វាយសី វាយកូនឃ្លីលើតុ តេក្វាន់ដូ WT និងតេក្វាន់ដូ ITF ដែលមានប្រតិភូ គ្រូបង្វឹក កីឡាករ-កីឡាការិនី ១៦៧៧នាក់ ខណៈការប្រកួតគ្រោងនឹងបញ្ចប់នាថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២២ខាងមុខ៕
អត្ថបទ៖ លី ឈុនឡា