មនុស្សជាង៤.០០០នាក់បានស្លាប់ខណៈរលកកម្ដៅនៅតែបន្តកើនឡើងលើប្រទេសមួយចំនួនទូទាំងតំបន់អឺរ៉ុប ទន្ទឹមនឹងការកើនឡើងសីតុណ្ហភាពក្ដៅជំរុញមានអត្រាខ្ពស់នៃអ្នកស្លាប់ពាក់ព័ន្ធនឹងកម្ដៅ។

យោងតាមរបាយការណ៍អន្តរជាតិនានា កម្ដៅដ៏ក្ដៅនៅតែអូសបន្លាយ បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពសាធារណៈទូទាំងទ្វីបបនេះ ដោយមានការស្លាប់រាប់ពាន់នាក់ ត្រូវបានកត់ត្រា ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ ។
ប្រទេសបារាំងបានមើលឃើញការកើនឡើងសីតុណ្ហភាពខ្ពស់បំផុតជិត៨០ឆ្នាំ អំឡុងសប្ដាហ៍មុន។ រដ្ឋមន្ត្រីក្រសួងសុខាភិបាលរបស់ប្រទេសនេះ បាននិយាយថា មនុស្ស២.០២៥នាក់ បានស្លាប់ដោយសារកម្ដៅក្ដៅខ្លាំងដែលកំពុងប៉ះពាល់ខ្លាំងបំផុតដល់ប្រទេសជាច្រើន។

ចំណែកនៅអេស្ប៉ាញវិញ ក៏បានរាយការណ៍ពីការស្លាប់ដ៏ច្រើនផងដែរ ដោយវិទ្យាស្ថានសុខាភិបាល Carlos III Health Institute បញ្ជាក់ថា មនុស្សចំនួន ១.០២៨ នាក់ បានស្លាប់ពាក់ព័ន្ធនឹងកម្ដៅ អំឡុងខែមិថុនា ២០២៦នេះ។
នៅប្រទេសហូឡង់ ក្រុមអាជ្ញាធរ បានកត់ត្រាការស្លាប់ចំនួន៤៨០ នាក់ ចន្លោះ ថ្ងៃទី២២ និង ២៨ខែមិថុនា បន្ទាប់ពីសីតុណ្ហភាពហក់ឡើងដល់៤០អង្សាសេ។
រីឯកនៅប្រទេសបែលហ្សិក បានរាយការណ៍ការស្លាប់ចំនួន ១.២២២នាក់ ទាក់ទងនឹងរលកកម្ដៅរវាងថ្ងៃទី១៨ និង ២៩ខែមិថុនា ។

ចក្រភពអង់គ្លេស ក៏កំពុងជួបប្រទះសីតុណ្ហភាពក្ដៅខ្លាំងផងដែរ ដោយក្រុមអ្នកព្យាករណ៍អាកាសធាតុ ព្រមានថាផ្នែកមួយចំនួននៃប្រទេសនេះអាចប្រឈមរលកកម្ដៅលើកទី៣។
បច្ចុប្បន្នទ្វីបអឺរ៉ុបមិនត្រឹមតែជួបប្រទះរលកម្ដៅខ្លាំងប៉ុណ្ណោះទេ ថែមទាំងគ្រោះមហន្តរាយភ្លើងឆេះព្រៃទៀតផង ជាក់ស្ដែងនៅប្រទេសបារាំង ព័រទុយហ្គាល់ និងក្រិកជាដើម ៕