អាមេរិក៖ នៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ មនុស្សសរុប ៥៥,៩០៨នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៧៩២នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៣០,៤៨២,១២៧ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៥៥៤,៨៧១នាក់ និងជាសះស្បើយសរុប ២២,៦៨៣,៦១៧នាក់។ កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុននេះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានអះអាងថា រដ្ឋបាលរបស់លោកបានសម្រេចគោលដៅរបស់ខ្លួនមុនកាលកំណត់ នោះគឺការចាក់វ៉ាក់សាំងបង្ការ COVID-19 ដល់ប្រជាជនអាមេរិកឲ្យបាន ១០០លាននាក់ក្នុងរយៈពេល ១០០ថ្ងៃដំបូងនៃការកាន់អំណាច ហើយគិតមកទល់ពេលនេះប្រជាជនអាមេរិកជាង ១០០លាននាក់ទៅហើយបានទទួលការចាក់វ៉ាក់សាំង៕
អត្ថបទ៖ សារ៉ាត់