ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយនៅថ្ងៃអង្គារ ៧ កក្កដានេះថា មនុស្សយ៉ាងហោចណាស់ ៨ នាក់ បានស្លាប់ បន្ទាប់ពីព្យុះលាយឡំនឹងផ្គររន្ទះបានវាយប្រហារខេត្តហ៊ូប៉ី (Hubei) ភាគកណ្តាលប្រទេសចិន ខណៈក្រុមអ្នកព្យាករណ៍អាកាសធាតុបានព្រមានអំពីភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀតនៅទូទាំងតំបន់ផ្សេងៗ របស់ខេត្តមួយនេះ ដែលមានប្រជាជនប្រហែល ២០០ លាននាក់។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបាននិយាយកាលពីថ្ងៃចន្ទ ទី៦ ខែកក្កដាថា ទីក្រុងណាននីង ដែលជារដ្ឋធានីនៃតំបន់ក្វាងស៊ី ភាគនិរតីប្រទេសចិន បានបង្កើនការឆ្លើយតបនឹងការគ្រប់គ្រងទឹកជំនន់របស់ខ្លួនដល់កម្រិតខ្ពស់បំផុត ខណៈទឹកក្នុងទន្លេ និងអាងស្តុកទឹក បានហក់ឡើងដោយសារព្យុះទីហ្វុងម៉ៃសាក់ (Typhoon Maysak )។
សារព័ត៌មានស៊ីនហួបានរាយការណ៍ ដោយដកស្រង់ប្រភពពីទីភ្នាក់ងារគ្រប់គ្រងគ្រាអាសន្នរបស់ខេត្តហ៊ូប៉ីថា ជាងបួនម៉ោងកាលពីល្ងាចថ្ងៃចន្ទ ខ្យល់បក់ក្នុងល្បឿនរហូតដល់ ១៤៩ គីឡូម៉ែត្រក្នុងមួយម៉ោងបានវាយប្រហារទីក្រុង ហ័ងស៊ី ហ័ងហ្គាង អ៊ីចូវ និងសៀននីង ។
មជ្ឈមណ្ឌលឧតុនិយមជាតិបាននិយាយថា តំបន់ភាគអាគ្នេយ៍នៃតំបន់ក្វាងស៊ី និងខេត្តនៅភាគខាងកើត ជាំងស៊ូ និងសានតុង គួរតែត្រៀមទប់ទល់សម្រាប់ភ្លៀងធ្លាក់ខ្លាំងរហូតដល់ ២៦០ មីលីម៉ែត្រក្នុងរយៈពេល ២៤ ម៉ោងខាងមុខ ដែលអាចបង្កឱ្យមានបំណាក់ដី ដោយតំបន់ផ្សេងទៀតនៅភាគឦសាន និងភាគខាងត្បូងនៃប្រទេសចិន រំពឹងថានឹងមានខ្យល់ព្យុះកំបុតត្បូង។
ខេត្ត ហ៊ូប៉ី និងសានតុង គឺជាខេត្តកសិកម្មដ៏សំខាន់របស់ប្រទេសចិន ដោយភ្លៀងធ្លាក់ខ្លាំងបានបង្កើនការព្រួយបារម្ភអំពីការខូចខាតដល់ពោត សណ្តែកដី និងដំណាំបន្លែ ដែលត្រូវប្រមូលផល ក្រោយរដូវស្រូវសាលី៕

