សម្ដេចធិបតីមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលកំពុងគិតគូរពង្រឹងប្រព័ន្ធផ្លូវដែក និងអភិវឌ្ឍផ្លូវទឹកបន្ថែម ដើម្បីពង្រីកវិសាលភាពវិស័យដឹកជញ្ជូនកម្ពុជា ឱ្យកាន់តែសម្បូរបែប កាត់បន្ថយការចំណាយលើការដឹកជញ្ជូន។
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅព្រឹកថ្ងៃទី០៧ ខែកក្កដា នេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាព សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ ប្រវែងជាង៤៥គីឡូ ម៉ែត្រ ចាប់ពីរង្វង់មូលស្គន់ ដល់រង្វង់មូលគល់ស្ពានគីហ្សូណា (ក្រុងកំពង់ចាម) បានថ្លែងថា ការតភ្ជាប់ផ្លូវដឹកជញ្ជូនទៅគ្រប់ទីកន្លែង ប្រៀបដូចការតភ្ជាប់សរសៃឈាមជីវិត និងការជំរុញអភិវឌ្ឍជីវភាពពលរដ្ឋឱ្យកាន់តែប្រសើរឡើង។ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ នឹងត្រូវពង្រីក លើកកម្ពស់ជាបន្ដបន្ទាប់ ។
សម្ដេចធិបតី បានបញ្ជាក់ថា (ប្រព័ន្ធផ្លូវដែកក៏ត្រូវពង្រឹងអ្វីដែលស្រាប់ និងគិតគូរកសាងរយៈពេលវែង ព្រោះវានឹងជួយច្រើនក្នុងវិស័យដឹកជញ្ជូន ព្រោះវាដឹកទំនិញបានច្រើនជាងឡាន។ ផ្លូវទឹកយើងនឹងបន្តអភិវឌ្ឍបន្ថែមទៀត ពិសេសព្រែកជីកហ្វូណនដែលនឹងតភ្ជាប់ទន្លេមេគង្គ ទន្លេសាប ទៅសមុទ្រ ។ ដូច្នេះការដឹកជញ្ជូន គឺលែងពឹងតែលើផ្លូវគោកទៀតហើយ គឺធ្វើទៅតាមផ្លូវទឹកតែម្ដង។ ឥឡូវយើងមានគម្រោងស្ដារផ្លូវទឹកពីភ្នំពេញទៅកំពង់ឆ្នាំង ទៅទន្លេមេគង្គកំពង់ចាម ទៅដល់ក្រចេះ ខណៈដែលកំពង់ផែពហុបំណងកំពុងត្រូវបានកសាងនៅខេត្តក្រចេះ ដូច្នេះនៅតាមបណ្ដោយទន្លេទាំងនេះ យើងនឹងមានកំពង់ផែសម្រាប់ដឹក។)
សម្ដេចធិបតី បានបញ្ជាក់ថា បច្ចុប្បន្ន ក្រៅពីផ្លូវជាតិសំខាន់ៗ រាជរដ្ឋាភិបាល ក៏បាននឹងកំពុងធ្វើការតភ្ជាប់ផ្លូវទៅគ្រប់កន្លែងទាំងអស់នៃប្រទេស ពិសេសនៅតាមមូលដ្ឋាន ក៏បានកសាងផ្លូវបេតុងខ្វាត់ខ្វែង តាមរយៈមូលនិធិឃុំ សង្កាត់ ដើម្បីតភ្ជាប់មកផ្លូវជាតិវិញផងដែរ ដើម្បីតភ្ជាប់តំបន់ជនបទជាមួយទីប្រជុំជន ជំរុញលំហូរពាណិជ្ជកម្ម៕









