ក្លិបបាល់ទាត់ Nottingham Forest បានប្រកាសតែងតាំងលោក Oliver Glasner ជាគ្រូបង្វឹកថ្មីជាផ្លូវការ ដោយក្លាយជាគ្រូបង្វឹកទី៥ របស់ក្លិបក្នុងរយៈពេលមិនដល់មួយឆ្នាំ បន្ទាប់ពីសម្រេចបញ្ចប់តំណែងរបស់ Vitor Pereira។
លោក Pereira ត្រូវបានបណ្តេញចេញពីតំណែងកាលពីសប្តាហ៍មុន ត្រឹមតែពីរនាទីប៉ុណ្ណោះ មុនពេលលក្ខខណ្ឌផ្តាច់កិច្ចសន្យារបស់លោកផុតសុពលភាព។

ក្នុងរយៈពេលមួយឆ្នាំចុងក្រោយ Nottingham Forest បានផ្លាស់ប្តូរគ្រូបង្វឹកជាបន្តបន្ទាប់ ដោយ Nuno Espirito Santo ចាប់ផ្តើមរដូវកាលមុន មុនពេល Ange Postecoglou, Sean Dyche និង Vitor Pereira ចូលមកដឹកនាំក្រុមចាប់តាំងពីខែកញ្ញា។
Oliver Glasner បានចូលកាន់តំណែងជាគ្រូបង្វឹក Crystal Palace ក្នុងឆ្នាំ ២០២៤ ហើយបានបង្កើតប្រវត្តិសាស្ត្រភ្លាមៗ ដោយដឹកនាំក្រុមឈ្នះពាន FA Cup ដែលជាពានរង្វាន់ធំលើកដំបូងរបស់ក្លិប។ បន្ទាប់មក នៅរដូវកាលបន្ទាប់ លោកក៏បានជួយ Palace លើកពាន UEFA Europa Conference League ហើយបន្តឈ្នះពាន Community Shield ក្រោយយកឈ្នះ Liverpool ដោយការស៊ុតបាល់កាត់សេចក្តី។
Glasner ក៏ជាគ្រូបង្វឹកម្នាក់ក្នុងចំណោមគ្រូតែបីនាក់ប៉ុណ្ណោះ ដែលធ្លាប់ឈ្នះទាំងពាន UEFA Europa League និង UEFA Europa Conference League។ មុននេះ លោកធ្លាប់ដឹកនាំ Eintracht Frankfurt ឈ្នះពាន Europa League ក្នុងរដូវកាល ២០២១-២០២២។
ការមកដល់របស់ Glasner ត្រូវបានរំពឹងថា នឹងជួយនាំយកស្ថិរភាព និងភាពជោគជ័យមកកាន់ Nottingham Forest បន្ទាប់ពីក្លិបបានផ្លាស់ប្តូរគ្រូបង្វឹកជាបន្តបន្ទាប់ក្នុងរយៈពេលខ្លី៕ អត្ថបទ៖នាង សុភាវុធ
