ដោយដកស្រង់សម្តីរដ្ឋមន្ត្រីព័ត៌មានលីបង់ លោក Paul Morcos ទីភ្នាក់ងារសារព័ត៌មានជាតិ (NNA) ដែលគ្រប់គ្រងដោយរដ្ឋ បានរាយការណ៍កាលពីថ្ងៃចន្ទថា ការខូចខាតសម្ភារៈផ្ទាល់ពីសង្គា្រមនៅភាគខាងត្បូងប្រទេសលីបង់ ចាប់តាំងពីថ្ងៃទី 0២ ខែមីនា ត្រូវបានប៉ាន់ប្រមាណជាបឋមថា មានចំនួន ៣-៤ ពាន់លានដុល្លារអាមេរិក។

លោក Morcos បាននិយាយបន្ទាប់ពីសម័យប្រជុំគណៈរដ្ឋមន្ត្រីដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី Nawaf Salam ថា តួលេខនេះឆ្លុះបញ្ចាំងតែការខូចខាតសម្ភារៈដោយផ្ទាល់ប៉ុណ្ណោះ ហើយមិនរាប់បញ្ចូលការខាតបង់ដោយប្រយោល និងការរីករាលដាលពីជម្លោះពីមុននោះទេ។

ទន្ទឹមនឹងនេះ ប្រធានាធិបតីលីបង់ លោក Joseph Aoun កាលពីថ្ងៃចន្ទ បានជំរុញឲ្យមានការបង្កើនសម្ពាធរបស់សហរដ្ឋអាមេរិកលើអ៊ីស្រាអែលឲ្យដកកងទ័ពចេញពីតំបន់ដែលខ្លួននៅតែកាន់កាប់នៅភាគខាងត្បូងប្រទេសលីបង់។ នេះបើយោងតាមការិយាល័យប្រធានាធិបតីលីបង់។
លោក Aoun បាននិយាយថា៖«ការបន្តការកាន់កាប់នេះធ្វើឲ្យប៉ះពាល់ដល់អំណាចរដ្ឋ រារាំងការដាក់ពង្រាយកងទ័ពលីបង់តាមបណ្តោយព្រំដែន និងកិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវសន្តិភាពដោយយុត្តិធម៌ និងយូរអង្វែង»។
លោក Aoun ក៏បានជំរុញឲ្យមានការគាំទ្រក្នុងការអនុវត្តកិច្ចព្រមព្រៀងក្របខណ្ឌដែលសម្របសម្រួលដោយសហរដ្ឋអាមេរិកដែលទើបសម្រេចបានជាមួយអ៊ីស្រាអែល ដោយសង្កត់ធ្ងន់លើបទប្បញ្ញត្តិស្តីពីការស្តារអធិបតេយ្យភាពលីបង់ និងការពង្រីកអំណាចរដ្ឋលើទឹកដីទាំងមូល៕