ដោយដកស្រង់សម្តីមន្ត្រីអាមេរិកពីររូប គេហទំព័រព័ត៌មាន Axios បានរាយការណ៍ថា កងកម្លាំងឆ្មាំបដិវត្តន៍ អ៊ីរ៉ង់បានបាញ់មីស៊ីលយ៉ាងហោចណាស់ពីរគ្រាប់ទៅលើនាវាពាណិជ្ជកម្មដែលឆ្លងកាត់ច្រកសមុទ្រហ័រមូស កាលពីយប់ថ្ងៃចន្ទ។
របាយការណ៍នេះ បាននិយាយដោយដកស្រង់សម្តីមន្ត្រីអាមេរិកម្នាក់ថា នាវាពាណិជ្ជកម្មពីរគ្រឿង បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ប៉ុន្តែពុំមានអ្នកស្លាប់ និងរបួសនោះទេ។

ចំណែកប្រតិបត្តិការពាណិជ្ជកម្មផ្លូវសមុទ្រចក្រភពអង់គ្លេស(UKMTO) របស់អង់គ្លេស បាននិយាយថា នាវាដឹកប្រេងមួយគ្រឿង ត្រូវបានវាយប្រហារ«ដោយគ្រាប់ផ្លោងមិនស្គាល់អត្តសញ្ញាណ» ខណៈពេលដែលកំពុងធ្វើដំណើរឆ្ពោះទៅភាគខាងត្បូងចម្ងាយ ៨ម៉ាយសមុទ្រ ភាគខាងកើតនៃទីក្រុងលីម៉ា(Limah) របស់ប្រទេសអូម៉ង់។

UKMTO បាននិយាយថា គ្រាប់ផ្លោងនោះបានវាយប្រហារចំផ្នែកខាងឆ្វេងរបស់នាវា ដែលបង្កឲ្យមានអគ្គិភ័យឆាបឆេះ។ អាជ្ញាធរបានរាយការណ៍ថា មិនមានអ្នកស្លាប់ និងរបួស ឬការខូចខាតដល់បរិស្ថានទេ ហើយបាននិយាយថា ការស៊ើបអង្កេត កំពុងដំណើរការ។
បញ្ជាការកណ្តាលរបស់យោធាអាមេរិកមិនបានឆ្លើយតបភ្លាមៗចំពោះសំណើរបស់សារព័ត៌មានរ៉យទ័រ សម្រាប់ការអត្ថាធិប្បាយនោះទេ៕