ប្រទេសកាណាដាបានជ្រើសរើសក្រុមហ៊ុន ThyssenKrupp Marine Systems (TKMS) របស់អាល្លឺម៉ង់ កាលពីថ្ងៃចន្ទ ដើម្បីសាងសង់នាវាមុជទឹកចំនួន ១២គ្រឿង ដែលជាការទិញគ្រឿងយុទ្ធោបករណ៍ដ៏ច្រើនបំផុតរបស់ខ្លួន ខណៈដែលប្រទេសនេះកំពុងបង្កើនការចំណាយលើវិស័យការពារជាតិ ដើម្បីសម្រេចគោលដៅរបស់អង្គការណាតូ។

ការសម្រេចចិត្តនេះ បានកើតឡើងមុនពេលលោកនាយករដ្ឋមន្ត្រី Mark Carney ធ្វើដំណើរទៅចូលរួម កិច្ចប្រជុំកំពូលអង្គការណាតូ នៅសប្តាហ៍នេះ ជាកន្លែងដែលសម្ព័ន្ធមិត្តប្រឈមនឹងសម្ពាធក្នុងការគាំទ្រការចំណាយលើវិស័យការពារជាតិខ្ពស់ជាងមុន ជាមួយនឹងផែនការជាក់ស្តែង។

លោក Carney បាននិយាយថា៖«ជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់យើងក្នុងការការពារប្រទេសកាណាដា និងគាំទ្រសម្ព័ន្ធមិត្តរបស់យើង ខ្ញុំមានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសថា ប្រទេសកាណាដា បានជ្រើសរើសក្រុមហ៊ុន TKMS ជាអ្នកផ្គត់ផ្គង់ដែលពេញចិត្តសម្រាប់គម្រោងនាវាមុជទឹកល្បាតរបស់ប្រទេសនេះ»។
ក្រុមហ៊ុនអាល្លឺម៉ង់នេះ បានយកឈ្នះក្រុមហ៊ុន Hanwha Ocean របស់កូរ៉េខាងត្បូងសម្រាប់កិច្ចសន្យាសាងសង់នាវាមុជទឹកទាំងនេះ។ ក្រុមហ៊ុន ThyssenKrupp បាននិយាយថា នាវាមុជទឹករបស់ខ្លួន នឹងពង្រឹងសមត្ថភាពអន្តរប្រតិបត្តិការ ពីព្រោះសម្ព័ន្ធមិត្តអង្គការណាតូជាច្រើនបានប្រតិបត្តិការនាវាដែលដំណើរការដោយថាមពលធម្មតារបស់ខ្លួនរួចហើយនោះ៕