ក្រុមហ៊ុនរដ្ឋមួយបាននិយាយកាលពីថ្ងៃចន្ទថា ការបាក់ស្រុតដោយផ្នែកនៅក្នុងអណ្តូងរ៉ែមាសដែលត្រូវបានបញ្ឈប់ដំណើរការនៅភាគខាងជើងប្រទេសស៊ូដង់ បានសម្លាប់អ្នករុករករ៉ែចំនួន ១៥នាក់។

ក្រុមហ៊ុនធនធានរ៉ែស៊ូដង់ បាននិយាយថា អ្នករុករករ៉ែទាំងនោះ បានលួចចូលទៅក្នុងអណ្តូងរ៉ែ Mohamed Tawfiq ដែលត្រូវបិទដំណើរការនៅក្នុងទីក្រុង Wadi Halfa ជិតព្រំដែនអេហ្ស៊ីប នៅពេលដែលផ្នែកខ្លះនៃអណ្តូងរ៉ែបានបាក់ស្រុត ដោយបណ្តាលឲ្យអ្នករុករករ៉ែ ១៥នាក់ស្លាប់ និងម្នាក់ រងរបួស»។

ចាប់តាំងពីសង្គ្រាមផ្ទុះឡើងនៅក្នុងខែមេសា ឆ្នាំ ២០២៣ រវាងកងទ័ព និងកងកម្លាំងគាំទ្ររហ័ស កិច្ចខិតខំប្រឹងប្រែងសង្គ្រាមរបស់ភាគីទាំងពីរ ត្រូវបានផ្តល់មូលនិធិភាគច្រើនដោយឧស្សាហកម្មមាសរបស់ស៊ូដង់ បន្ថែមពីលើអ្នកគាំទ្របរទេស។
សង្គ្រាមនេះបានបំផ្លាញសេដ្ឋកិច្ចដ៏ផុយស្រួយរបស់ប្រទេសស៊ូដង់ និងបានធ្វើឲ្យប្រជាជនភាគច្រើននៃប្រទេសនេះ គ្មានការងារធ្វើ ដោយជំរុញឲ្យពួកគេចូលទៅរុករករ៉ែមាសដ៏គ្រោះថ្នាក់៕