
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ចន មូរេ សេនដឺសុន អតីតមេបញ្ជាការយោធារបស់អ៊ុនតាក់ បានវាយតម្លៃខ្ពស់លើកងកម្លាំង នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ដែលបានជួយបោសសម្អាតកាកសំណល់សង្គ្រាម ធ្វើឲ្យដីមានសុវត្ថិភាព ដែលអាចឲ្យប្រជាពលរដ្ឋកម្ពុជាធ្វើកសិកម្មបាន ហើយធ្វើឲ្យជីវភាពកាន់តែល្អប្រសើរឡើង ។
ក្នុងដំណើរទស្សនកិច្ចពិនិត្យទីតាំងអតីតចម្ការមីន នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ឯក ចន មុរេ សេនដឺសុន បានថ្លែងថា រយៈពេល៣០ឆ្នាំមកនេះ អង្គភាពស៊ីម៉ាក់ បានធ្វើការងារជាច្រើនជួយបោសសម្អាតមីនរំដោះដីធ្លី ជូនប្រជាពលរដ្ឋ និងជួយជនពិការដោយសារគ្រាប់មីន និងគ្រាប់យុទ្ធភ័ណមិនទាន់ផ្ទុះ ដើម្បីធ្វើស្រែចម្ការ កសាងជីវភាពរស់នៅ ចិញ្ចឹមគ្រួសារ ព្រមទាំងមានការអភិវឌ្ឍន៍នៅតំបន់ដោះមីនរួច ។
លោកឧត្តមសេនីយ៍ឯក បានបង្ហាញសេចក្ដីរំភើបជាអនេក ដែលបានវិលត្រឡប់មកកាន់ប្រទេសកម្ពុជាម្តងទៀត ស្របពេលជាមួយនឹងខួប៣0ឆ្នាំ នៃប្រតិបត្តិការស្វែងរកសន្តិភាពនៅកម្ពុជា និងខួប៧០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងកម្ពុជានិងអូស្ត្រាលី ។
លោកបានបញ្ជាក់ថា កម្ពុជាពិតជាមានការផ្លាស់ប្ដូរដ៏អស្ចារ្យ ជាពិសេសរាជធានីភ្នំពេញដែលមានការអភិវឌ្ឍដ៏ស្រស់បំព្រង ស្របគ្នាជាមួយនឹងការអភិវឌ្ឍយ៉ាងឆាប់រហ័ស របស់ខ្លួននៅ ទូទាំងប្រទេស ។
ឯកឧត្តម ហេង រតនា អគ្គនាយកស៊ីម៉ាក់ មានប្រសាសន៍ថា ខេត្តបាត់ដំបងបានរងនូវផលប៉ះពាល់ដោយកាកសំណល់សង្គ្រាមជាច្រើន ហើយបើយោងតាមការស្រាវជ្រាវចម្ការមីនក្នុងខេត្តនេះ មានផ្ទៃដីប៉ះពាល់ចំនួន ៦២៥គីឡូម៉ែត្រក្រឡា ស្មើ៥,៣២ភាគរយ នៃផ្ទៃដីសរុបរបស់ខេត្តបាត់ដំបង ដែលមានមីន ។
គួរបញ្ជាក់ថា ចាប់ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០២១ ខេត្តបាត់ដំបង បោសសម្អាតមីនរួចបានចំនួន ៥១២គីឡូម៉ែត្រ ស្មើ៨១,៩២ភាគរយ ហើយគម្រោង UNDP ចាប់ពីឆ្នាំ២០០៥ ដល់ឆ្នាំ២០២១ បានជួយរំដោះផ្ទៃដីមានមីនចំនួន ១១ ៣០០ហិកតា ស្មើនឹង ១ ៧៣២ចម្ការមីន ដែលបោសសម្អាតមីរួច ហើយរកឃើញមីនប្រឆាំងមនុស្ស និងកម្ទេចចោលចំនួន ១៣ ៩៥៨គ្រាប់ រួមនឹងគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាច្រើនគ្រាប់ទៀត ៕




