មជ្ឈមណ្ឌលឆ្លើយតបវិបត្តិរបស់តំបន់នេះ បាននិយាយនៅលើបណ្តាញផ្សព្វផ្សាយ Max channel របស់ខ្លួនថា យ៉ាងហោចណាស់មានមនុស្ស ៧នាក់ បានរងរបួស នៅក្នុងការវាយប្រហារដោយយានដ្រូនរបស់អ៊ុយក្រែនលើរថយន្តក្រុងមួយគ្រឿង នៅតំបន់ Belgorod ភាគខាងលិចប្រទេសរុស្ស៊ី។

របាយការណ៍ដំបូងបានបង្ហាញថា ចំនួនអ្នករងរបួសមានចំនួន ៦នាក់ ក្នុងនោះមានកុមារពីរនាក់។ ក្មេងស្រីអាយុមួយឆ្នាំម្នាក់ ត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានរបួសដោយអំបែងគ្រាប់នៅលើមុខ ក ក្បាល និងទ្រូង ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យជាបន្ទាន់ ដោយសារស្ថានភាពធ្ងន់ធ្ងរ។ ក្មេងប្រុសអាយុ ១០ឆ្នាំម្នាក់ បានរងរបួសត្រចៀក ដោយសារតែការវាយប្រហារនោះ។

មជ្ឈមណ្ឌលឆ្លើយតបវិបត្តិបាននិយាយថា៖«ចំនួនអ្នករងរបួសនៅក្នុងការវាយប្រហារដោយយានដ្រូនលើរថយន្តក្រុងដឹកអ្នកដំណើរ បានកើនឡើងដល់ ៧នាក់។ ក្មេងជំទង់អាយុ ១៦ឆ្នាំម្នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យកុមារគ្លីនិកតំបន់ ដោយមានរបួសដោយបំបែងគ្រាប់នៅត្រង់កជើង។
ទន្ទឹមនឹងនេះ អ៊ុយក្រែននៅតែបន្តទម្លាក់គ្រាប់បែកនៅក្នុងតំបន់នេះគឺ យានដ្រូន FPVមួយគ្រឿងបានវាយប្រហាររថយន្តមួយគ្រឿង នៅក្នុងក្រុង Valuiki ខណៈដែលដ្រូនមួយទៀត បានបំផ្លាញផ្ទះមួយខ្នង នៅក្នុងតំបន់ដូចគ្នា។ នៅក្នុងស្រុក Shebekino យានដ្រូនមួយគ្រឿង បានហោះចូលទៅក្នុងរោងចក្រឧស្សាហកម្មមួយ ដោយបានបំបែកបង្អួចអគារ និងបំផ្លាញជញ្ជាំងខាងក្រៅ៕