រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លើកឡើងថា ការចរចា ដើម្បីឈានដល់កិច្ចព្រមព្រៀងចុងក្រោយ រវាងទីក្រុងតេអេរ៉ង់ និងវ៉ាស៊ីនតោន នឹងមិនចាប់ផ្តើមឡើងវិញទេ ប្រសិនបើការគំរាមកំហែងរបស់សហរដ្ឋអាមេរិក នៅតែបន្តមាន ដោយការនិយាយនេះបានកើតមានបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បានព្រមានថា លោកនឹង «បញ្ចប់ការងារទាំងស្រុង» ប្រសិនបើកិច្ចព្រមព្រៀងមិនត្រូវបានឈានដល់ទេនោះ។
លោក Abbas Araghchi សរសេរសារបង្ហោះនៅលើបណ្ដាញសង្គម X ថា «ការចរចា ស្ដីពីកិច្ចព្រមព្រៀងចុងក្រោយ នឹងមិនចាប់ផ្តើមឡើយ ប្រសិនបើការគំរាមកំហែងនៅតែបន្តមាន។ សូមមេត្តាគោរពហត្ថលេខារបស់អ្នក»។

គួរបញ្ជាក់ថា កិច្ចព្រមព្រៀងបណ្តោះអាសន្នដែលត្រូវបានចុះហត្ថលេខាកាលពីខែមុន ដោយអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក អំពាវនាវឱ្យភាគីទាំង២ ចៀសវាងកុំប្រើទាំងការគំរាមកំហែង និងការប្រើប្រាស់កម្លាំង ប្រឆាំងគ្នាទៅវិញទៅមក។ ហើយសេចក្តីថ្លែងការណ៍របស់ប្រេសិតជាន់ខ្ពស់របស់អ៊ីរ៉ង់រូបនេះ បានកើតឡើងក្រោយប៉ុន្មានម៉ោងបន្ទាប់ពីមានរបាយការណ៍ អំពីការវាយប្រហារលើនាវាពាណិជ្ជកម្ម ២គ្រឿង នៅច្រកសមុទ្រ Hormuz។
ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ បានរាយការណ៍ថា នាវាដឹកឧស្ម័នធម្មជាតិរាវ ១គ្រឿង ត្រូវបានវាយប្រហារ នៅម្ដុំឆ្នេរសមុទ្រអូម៉ង់ បន្ទាប់ពីមិនអើពើនឹងការព្រមាន ប៉ុន្តែមិនបានអះអាងដោយផ្ទាល់ អំពីការវាយប្រហារនោះទេ។ នាវា ១គ្រឿងទៀត មិនមានការលើកឡើងនោះទេ៕
