ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃចន្ទ (ទី៦ ខែកក្កដា ឆ្នាំ២០២៦) បានបញ្ជាក់ថា ដំណោះស្រាយ ចំពោះសង្គ្រាម ដែលមានអាយុកាលជាង ៤ឆ្នាំ នៅប្រទេសអ៊ុយក្រែន «កាន់តែជិតមានជាងអ្វីដែលមនុស្សគ្រប់គ្នាស្មានដល់» ហើយថា លោកនឹងនិយាយអំពីបញ្ហាអ៊ុយក្រែន ក្នុងអំឡុងពេលកិច្ចពិភាក្សា នៅទួរគី នាសប្តាហ៍នេះ នៅឯកិច្ចប្រជុំកំពូលរបស់អង្គការណាតូ (NATO)។

លោក Trump បានធ្វើការកត់សម្គាល់របស់លោកបែបនេះ បន្ទាប់ពីបានជជែកតាមទូរស័ព្ទ កាលពីចុងសប្តាហ៍កន្លងមកជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងសមភាគីអ៊ុយក្រែនរបស់លោក គឺលោក Volodymyr Zelenskyy។ យ៉ាងណាក្ដី លោកមិនបានផ្តល់ហេតុផលជាក់លាក់ណាមួយ ពាក់ព័ន្ធនឹងការអះអាងរបស់លោក ដែលថា ដំណោះស្រាយ ចំពោះជម្លោះនេះ គឺអាចនឹងកើតឡើងឆាប់ៗឡើយ ស្របពេលដែលពេញមួយយប់ រុស្ស៊ីបានវាយប្រហារទីក្រុងគីវ និងតំបន់ជុំវិញ ដោយមីស៊ីល និងយានដ្រូន ដោយបានបណ្ដាលឱ្យមនុស្សតិចបំផុត ២៨នាក់ស្លាប់។
នៅទីក្រុងមូស្គូ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា លោកជឿថា ជំហររបស់សហរដ្ឋអាមេរិក លើរបៀបដោះស្រាយជម្លោះ នៅតែមិនផ្លាស់ប្តូរ។ ប៉ុន្តែលោក Zelenskyy ដែលត្រូវបានសម្ភាសដោយសារព័ត៌មាន Financial Times បានប្រាប់ថា លោកជឿថា ប្រធានាធិបតីអាមេរិកកំពុងមើលជម្លោះនេះ តាមរបៀបថ្មី ដោយសារភាពជោគជ័យថ្មីៗនេះរបស់អ៊ុយក្រែន។
លោក Trump បានប្រាប់អ្នកសារព័ត៌មាននៅការិយាល័យប្រធានាធិបតី Oval Office ថា៖ «នេះគឺជារឿងមួយដែលខ្ញុំគិតថា យើងកាន់តែកៀកនឹងអ្វីដែលមនុស្សគ្រប់គ្នាស្មានដល់។ លោកប្រធានាធិបតី Putin ចង់ឱ្យវាបញ្ចប់។ ខ្ញុំនឹងប្រាប់អ្នកថា ច្បាស់លាស់ណាស់។ ហើយលោកប្រធានាធិបតី Zelensky ពិតជាចង់ឱ្យវាបញ្ចប់ឥឡូវនេះ។ យើងនឹងទៅកិច្ចប្រជុំរបស់ណាតូ ហើយយើងនឹងនិយាយអំពីវា ហើយខ្ញុំគិតថា យើងនឹងធ្វើវាបាន»៕

