សហរដ្ឋអាមេរិក និងអូស្ត្រាលី បានបង្ហាញក្ដីបារម្ភ កាលពីថ្ងៃចន្ទ (ទី៦ ខែកក្កដា ឆ្នាំ២០២៦) ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងប៉េកាំង បន្ទាប់ពីប្រទេសចិនបានបាញ់សាកល្បងក្បាលគ្រាប់នុយក្លេអ៊ែរក្លែងក្លាយចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ដែលជាការវិវត្តចុងក្រោយបង្អស់ អំឡុងការធ្វើទំនើបកម្មយោធាយ៉ាងឆាប់រហ័សរបស់ខ្លួន។
ការសាកល្បងនេះ បានកើតឡើងក្រោយ ២ឆ្នាំ បន្ទាប់ពីប្រទេសចិនបានបាញ់មីស៊ីលបាលីស្ទិកចូលដែនទឹក នៅក្បែរអនុតំបន់ប៉ូលីណេស៊ី (Polynesia) របស់បារាំង ដោយនោះគឺជាការបាញ់បង្ហោះមីស៊ីលបែបនេះលើកដំបូង នៅក្នុងដែនទឹកអន្តរជាតិ ក្នុងរយៈពេលជាង ៤០ឆ្នាំ។
អ្នកវិភាគបានលើកឡើងថា ការសាកល្បងនេះបានបង្ហាញពីសមត្ថភាពដែលកំពុងកើនឡើងរបស់ចិន ក្នុងការវាយប្រហារដីគោករបស់សហរដ្ឋអាមេរិក ដែលមើលឃើញមហាអំណាចតំបន់អាស៊ីជាគូប្រជែងធំជាងគេរបស់ខ្លួន ទោះបីជាមានការជំរុញផ្សះផ្សាក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Donald Trump ក៏ដោយ។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Tommy Pigott បាននិយាយថា៖ «នៅពេលដែលសហរដ្ឋអាមេរិកកំពុងធ្វើការយ៉ាងលំបាកជាងពេលណាៗទាំងអស់ ដើម្បីទប់ស្កាត់ការរីកសាយភាយអាវុធនុយក្លេអ៊ែរ ប្រទេសចិនកំពុងធ្វើផ្ទុយពីនេះ»។

លោកបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ការបង្កើនអាវុធនុយក្លេអ៊ែរយ៉ាងឆាប់រហ័ស និងមិនច្បាស់លាស់របស់ទីក្រុងប៉េកាំង គឺជាក្ដីបារម្ភយ៉ាងខ្លាំង ទាំងចំពោះតំបន់ និងពិភពលោក»។
ក្រសួងការបរទេសបានជំរុញឱ្យប្រទេសចិន «ចូលរួមក្នុងការពិភាក្សា អំពីការគ្រប់គ្រងអាវុធដែលមានអត្ថន័យ និងប្តេជ្ញាចិត្ត ចំពោះការរៀបចំការជូនដំណឹងជាប្រចាំ សម្រាប់ការបាញ់មីស៊ីលបាលីស្ទិក និងការបាញ់បង្ហោះក្នុងលំហអាកាសទាំងអស់»។
តាមរយៈសេចក្តីថ្លែងការណ៍មួយដែលបានចែករំលែកនៅលើបណ្ដាញសង្គម WeChat អ្នកនាំពាក្យកងទ័ពជើងទឹកចិន លោក Wang Xuemeng បានបញ្ជាក់ថា ការបាញ់សាកល្បងនេះ គឺជា «ការរៀបចំជាប្រចាំនៃការហ្វឹកហ្វឺនយោធាប្រចាំឆ្នាំរបស់ប្រទេសចិន» ហើយថា «ប្រទេសពាក់ព័ន្ធត្រូវបានជូនដំណឹងជាមុន»៕
