អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បានសាទរចំពោះការសម្រេចចិត្តរបស់ប្រទេសកាណាដា ក្នុងការទិញនាវាមុជទឹកសាងសង់ដោយអាល្លឺម៉ង់-ន័រវ៉ែស ជាការជំរុញដ៏សំខាន់មួយដល់ទំនាក់ទំនងការពារជាតិឆ្លងមហាសមុទ្រអាត្លង់ទិក និងអឺរ៉ុប មុនកិច្ចប្រជុំកំពូលរបស់អង្គការណាតូ នៅទីក្រុង Ankara ប្រទេសទួរគី។

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃចន្ទ (ទី៦ ខែកក្កដា ឆ្នាំ២០២៦) លោក Merz បានលើកឡើងថា៖ «លោកនាយករដ្ឋមន្ត្រី Mark Carney ទើបតែបានប្រកាសថា ប្រទេសកាណាដាបានសម្រេចទិញនាវាមុជទឹកថ្នាក់ Type 212CD សាងសង់ដោយអាល្លឺម៉ង់-ន័រវ៉ែស។ មុនកិច្ចប្រជុំកំពូលរបស់អង្គការណាតូ រដ្ឋាភិបាលកាណាដា កំពុងផ្ដល់សញ្ញាដ៏រឹងមាំមួយនៃកិច្ចសហប្រតិបត្តិការឆ្លងមហាសមុទ្រអាត្លង់ទិក និងអឺរ៉ុប ក្នុងឧស្សាហកម្មការពារជាតិ»។
លោក Merz បានពិពណ៌នាអំពីកិច្ចព្រមព្រៀងនេះថា ជាការចាប់ផ្តើមនៃ «គម្រោងយុទ្ធសាស្ត្រដ៏សំខាន់មួយ» ដែលនឹងចងភ្ជាប់កាណាដា អាល្លឺម៉ង់ និងន័រវ៉ែសជាមួយគ្នាអស់រយៈពេលជាច្រើនទសវត្សរ៍។ លោកបានបន្ថែមថា «នេះគឺជាការបង្ហាញពីភាពជាដៃគូរយៈពេលវែង ដែលលាតសន្ធឹងហួសពីគោលនយោបាយសន្តិសុខ និងការពារជាតិ»។
គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទ លោក Carney បានបញ្ជាក់ថា ក្រុមហ៊ុន Thyssenkrupp Marine Systems (TKMS) និងនាវាមុជទឹក Type 212CD របស់ក្រុមហ៊ុននេះ ត្រូវបានជ្រើសរើស ដើម្បីយកទៅជំនួសកងនាវាចាស់ៗរបស់កងទ័ពជើងទឹកភូមិន្ទកាណាដា។ ការប្រកាសនេះ គឺជាការផ្គត់ផ្គង់ការពារជាតិដ៏ធំបំផុត នៅក្នុងប្រវត្តិសាស្ត្រកាណាដា៕

