ប្រទេសជប៉ុន បានឱ្យដឹងនៅថ្ងៃអង្គារ (ទី៧ ខែកក្កដា ឆ្នាំ២០២៦) នេះថា ខ្លួនបានបណ្តេញនាវាឆ្មាំល្បាតឆ្នេរចំនួន ២គ្រឿងរបស់ចិន ចេញពីដែនទឹក ក្បែរកោះមានជម្លោះ ជាទីដែលទីក្រុងប៉េកាំងក៏ទាមទារផងដែរ។
នាវាទាំង ២ របស់ចិននេះ កំពុងចូលទៅកៀកនឹងនាវានេសាទរបស់ជប៉ុនដែលកំពុងប្រតិបត្តិការ នៅក្នុងតំបន់នោះ។ នេះបើយោងតាមឆ្មាំសមុទ្ររបស់ជប៉ុន។
ប្រទេសទាំង២ មានជម្លោះទឹកដីជាយូរមកហើយ ពាក់ព័ន្ធនឹងប្រជុំកោះ Senkaku ដែលគេស្គាល់ឈ្មោះនៅក្នុងប្រទេសចិនថា Diaoyu ដែលស្ថិតនៅចន្លោះកោះតៃវ៉ាន់ និងកោះ Okinawa របស់ជប៉ុន។ ភាគីទាំង២ បានពាក់ព័ន្ធអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ក្នុងភាពតានតឹងទ្វេភាគី ដែលកាន់តែអាក្រក់ទៅៗ ចាប់តាំងពីនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi បានធ្វើការអត្ថាធិប្បាយ អំពីកោះតៃវ៉ាន់ កាលពីខែវិច្ឆិកាឆ្នាំមុន ជាការលើកឡើងដែលធ្វើឱ្យទីក្រុងប៉េកាំងខឹងសម្បា។
នាវាចិន បានចូលលើកចុងក្រោយទៅក្នុងដែនទឹកដែលជប៉ុនទាមទារជាទឹកដីរបស់ខ្លួន កាលពីថ្ងៃទី១០ ខែមិថុនា ប៉ុន្តែវាគឺកម្រកើតឡើងណាស់ ដែលមានការចូលទៅកៀកនឹងទូកនេសាទរបស់ជប៉ុន។
តាមរយៈសេចក្តីថ្លែងការណ៍ ឆ្មាំសមុទ្របានឱ្យដឹងថា៖ «ខ្លួនបានចេញបញ្ជាឱ្យចាកចេញ ដោយបង្ខំឱ្យនាវាឆ្មាំល្បាតឆ្នេរចិនចាកចេញពីដែនទឹកជប៉ុនដោយជោគជ័យនៅវេលាម៉ោងប្រហែល ៩:២០នាទីព្រឹកថ្ងៃនេះ (ម៉ោងក្នុងស្រុក)។ លើសពីនេះ ឆ្មាំសមុទ្រ ត្រូវបានដាក់ពង្រាយ នៅជុំវិញទូកនេសាទជប៉ុន ដើម្បីធានាសុវត្ថិភាព»។
សេចក្តីថ្លែងការណ៍នេះបានបន្ថែមថា មាននាវាចិនចំនួន ៤គ្រឿង ធ្វើដំណើរជុំវិញតំបន់នោះ មុនពេល ២គ្រឿងចូលទៅក្នុងដែនទឹកជប៉ុន៕


