គ្រឿងផ្ទុះយ៉ាងហោចណាស់ពីរគ្រាប់ បានផ្ទុះឡើងនៅក្នុងរដ្ឋធានីដាម៉ាសរបស់ប្រទេសស៊ីរី អំឡុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីបារាំង លោក Emmanuel Macron ទៅកាន់ប្រទេសនេះ។
មន្ត្រីសន្តិសុខម្នាក់បានប្រាប់សារព័ត៌មាន Al Jazeera ថា ការផ្ទុះបានកើតឡើងនៅក្នុងតំបន់មួយមានជនស៊ីវិលច្រើនដ៏មមាញឹក ដោយបានចាត់ទុកវាថាជា «សកម្មភាពឧក្រិដ្ឋកម្ម» និងបាននិយាយថាមានការបារម្ភថាមានអ្នកស្លាប់និងរបួសច្រើន។
អ្នកឆ្លើយឆ្លងសារព័ត៌មាន Al Jazeera ម្នាក់បាននិយាយថា ការផ្ទុះបានកើតឡើងនៅជិតក្រសួងទេសចរណ៍ និងសណ្ឋាគារមួយកន្លែងដែលលោក Macron ត្រូវស្នាក់នៅក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់រដ្ឋធានីដើម្បីជួបពិភាក្សាជាមួយសមភាគីស៊ីរី លោក Ahmed al-Sharaa។
ការិយាល័យរបស់លោក Macron បាននិយាយថា លោកប្រធានាធិបតីដែលកំពុងធ្វើដំណើរទៅជួបលោក al-Sharaa ពុំបានឮសំឡេងផ្ទុះនោះទេ ហើយដំណើរទស្សនកិច្ចបានបន្តធម្មតា។ អាជ្ញាធរបានបិទផ្លូវនានា ហើយការស៊ើបអង្កេតបានដំណើរការ។
កាលពីសប្តាហ៍មុន ការផ្ទុះមួយនៅហាងកាហ្វេមួយកន្លែងនៅទីក្រុងដាម៉ាសភាគកណ្តាលបានសម្លាប់មនុស្សយ៉ាងហោចណាស់៩នាក់ និងរបួស ២០ នាក់ផ្សេងទៀត នេះបើយោងតាមក្រសួងសុខាភិបាលរបស់ប្រទេសស៊ីរី។

