ក្រសួងការបរទេសអ៊ីតាលី នៅថ្ងៃអង្គារ (ទី៧ ខែកក្កដា ឆ្នាំ២០២៦) នេះ បានឱ្យដឹងថា ឯកអគ្គរដ្ឋទូតអ៊ីស្រាអែល និងលីបង់ គ្រោងនឹងធ្វើកិច្ចចរចាដោយផ្ទាល់ នៅទីក្រុងរ៉ូម ក្នុងខែនេះ បន្ទាប់ពីមាននូវការពិភាក្សាប៉ុន្មានជុំ នៅទីក្រុងវ៉ាស៊ីនតោន ជាដំណើរការដែលមានគោលបំណងបន្ធូរបន្ថយភាពតានតឹង។
រដ្ឋមន្ត្រីការបរទេស លោក Antonio Tajani បានឱ្យដឹងនៅលើបណ្ដាញសង្គម X ថា៖ «យើងស្វាគមន៍ដោយក្តីរីករាយ ចំពោះការប្រកាសថា កិច្ចចរចាជុំបន្ទាប់ រវាងអ៊ីស្រាអែល និងលីបង់ ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក នឹងធ្វើឡើងនៅទីក្រុងរ៉ូម»។
អ្នកនាំពាក្យក្រសួងបានបញ្ជាក់ថា កិច្ចចរចានេះ នឹងធ្វើឡើងនៅកម្រិតឯកអគ្គរដ្ឋទូត នៅថ្ងៃទី១៥ និងទី១៦ ខែកក្កដា។ កិច្ចចរចាជុំនេះនឹងជាលើកទី៦ ចាប់តាំងពីនិទាឃរដូវ រវាងប្រទេសជិតខាងទាំង២ ដែលមិនមានទំនាក់ទំនងការទូត និងស្ថិតក្នុងស្ថានភាពមានសង្គ្រាមជាមួយគ្នា។
ប្រទេសទាំង២ និងសហរដ្ឋអាមេរិក បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌមួយ កាលពីខែមុន ដែលមានគោលបំណងសម្រេចបនា «សន្តិភាពយូរអង្វែង» ៥ថ្ងៃបន្ទាប់ពីមាននូវបទឈប់បាញ់ដ៏ផុយស្រួយ រវាងកងទ័ពអ៊ីស្រាអែល និងក្រុមហេសបូឡាគាំទ្រអ៊ីរ៉ង់ ដែលបានប្រយុទ្ធគ្នាចាប់តាំងពីថ្ងៃទី២ ខែមីនារហូតមកដល់ពេលនេះ៕

