បាល់ទាត់៖ Real Madrid បានក្លាយជាជើងឯកលីគកំពូលអេស្ប៉ាញ La Liga កាលពីថ្ងៃសៅរ៍ក្រោយយកឈ្នះ Espanyol ៤-០ ធ្វើឱ្យលោក Carlo Ancelotti ក្លាយជាអ្នកចាត់ការទី១ ដែលដឹកនាំក្រុមឈ្នះជើងឯកលីគកំពូលទាំង ៥ របស់អឺរ៉ុប។

នេះជាជើងឯកលីគអេស្ប៉ាញលើកទី៣៥ សំរាប់ Real Madrid ដោយដាច់ពិន្ទុក្រុមលេខ២ Sevilla ១៧ពិន្ទុ។ បុរសវ័យ ៦២ឆ្នាំសញ្ជាតិអ៊ីតាលីរូបនេះបានចូលមកដឹកនាំ Real Madrid ជាលើកទី២ ក្នុងអាជីពបន្ទាប់ពីការចាកចេញរបស់ Zinedine Zidane។ លោក Carlo Ancelotti បានឈ្នះពាននៅក្របខណ្ឌលីគកំពូលទាំង ៥ របស់អឺរ៉ុបដំបូងនៅឆ្នាំ២០០៤ ឈ្នះពានអ៊ីតាលី Serie A ជាមួយ AC Milan។

នៅឆ្នាំ២០១០ លោកបានដឹកនាំ Chelsea ឈ្នះពាន English Premier League មុនពេលទៅដឹកនាំ Paris Saint Germain លើកពានលីគកំពូលបារាំងនៅឆ្នាំ២០១៣ ហើយក៏បន្តទៅដឹកនាំ Bayern Munich លើកពានលីគកំពូលអាល្លឺម៉ង់ Bundesliga នៅឆ្នាំ២០១៧។ ភារកិច្ចចំបងរបស់លោក Carlo Ancelotti បន្តទៀតគឺត្រូវយកឈ្នះ Manchester City នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UEFA Champions League ជើងទី២ បន្ទាប់ពីចាញ់នៅទឹកដីអង់គ្លេសកាលពីជើងទីមួយ ៤-៣៕
អត្ថបទ៖នាង សុភាវុធ