ព្យុះកួចចំនួន ២ បានបោកបក់ឆ្លងកាត់ខេត្តភាគកណ្តាល Hubei របស់ចិននៅថ្ងៃអង្គារនេះ សម្លាប់មនុស្សយ៉ាងហោច ៨នាក់ ពេលដែលខ្យល់បោកបក់ក្នុងល្បឿន ១៤៩គ.ម ក្នុង ១ម៉ោង បានធ្វើឲ្យក្រឡាប់រថយន្ត ប៉ើងដំបូលអគារ និងបន្សល់ទុកការខូចខាតទ្រង់ទ្រាយធំ ។
ទីភ្នាក់ងារព័ត៌មាន Xinhua រាយការណ៍ ព្យុះកួចបានវាយប្រហារទីក្រុង Huangshi, Huanggang, Ezhou និងទីក្រុង Xianning ហើយមនុស្សម្នាក់ កំពុងបាត់ខ្លួន ។
អ្នកជំនាញម្នាក់នៅមន្ទីរឧតុនិយមខេត្ត Hubei និយាយប្រាប់កាសែត Hubei Daily ថា ព្យុះកួចកម្រកើតមានឡើងខ្លាំងណាស់នៅក្នុងខេត្តមួយនេះ ដែលជាមជ្ឈមណ្ឌលឧស្សាហកម្ម រថយន្ត ផលិតកម្ម និងបច្ចេកវិទ្យា ។ លោកបន្តថា ព្យុះកួចចុងក្រោយនៅខេត្ត Hubei បានកើតឡើងកាលពីខែឧសភា ឆ្នាំ ២០២១ ។
រូបភាពវីដេអូឃ្លីបរបស់សាក្សី ឃើញព្យុះកួច បោកបក់ឆ្លងកាត់ទីក្រុង Ezhou ។ ទីភ្នាក់ងារគ្រប់គ្រងគ្រាអាសន្នខេត្ត Hubei សរសេរនៅលើបណ្តាញព័ត៌មានសង្គម Weibo ថា ព្យុះផ្គររន្ទះ និងខ្យល់បក់ខ្លាំង បានកើតឡើងនៅតាមទីក្រុងជាច្រើន រួមទាំងទីក្រុង Ezhou កាលពីល្ងាចថ្ងៃចន្ទ ក្នុងនោះខ្យល់បក់បានឈានដល់ ៤១,៤ម៉ែត្រ ក្នុង ១វិនាទី នៅតាមទីក្រុងចំនួន ៥៣ ៕