ប្រធានាធិបតីម៉ុលដាវី លោកស្រី Maia Sandu នៅថ្ងៃអង្គារ (ទី៧ ខែកក្កដា ឆ្នាំ២០២៦) នេះ បានតែងតាំងឧបនាយករដ្ឋមន្ត្រី លោក Eugeniu Osmochescu ដែលជាអតីតមន្ត្រីហិរញ្ញវត្ថុអន្តរជាតិ ជានាយករដ្ឋមន្ត្រីស្តីទី ដើម្បីជំនួសលោក Alexandru Munteanu ដែលបានលាលែងពីតំណែងដ៏គួរឱ្យភ្ញាក់ផ្អើល កាលពីថ្ងៃសុក្រចុងសប្ដាហ៍កន្លងមក។
ក្រោយលាលែងពីតួនាទីនេះ លោក Munteanu បានបញ្ជាក់ថា លោកលែងអាចធ្វើការងាររបស់លោកបាន ស្របតាមគោលការណ៍របស់លោកហើយ។ បើយោងតាមក្រឹត្យរបស់លោកស្រី Sandu បានបង្ហាញថា លោក Osmochescu ដែលបច្ចុប្បន្នក៏ជារដ្ឋមន្ត្រីអភិវឌ្ឍន៍សេដ្ឋកិច្ច និងឌីជីថលនីយកម្ម នឹងចូលកាន់តំណែងនៅថ្ងៃពុធ។ មុនពេលចូលរួមជាមួយរដ្ឋាភិបាល លោកបានធ្វើការនៅសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ ដែលជាសាខាវិស័យឯកជនរបស់ធនាគារពិភពលោក។
លោកស្រី Munteanu បានលើកឡើងនៅលើបណ្ដាញសង្គម Facebook ថា៖ «ខ្ញុំសូមថ្លែងអំណរគុណដល់លោក (Osmochescu) ដែលបានទទួលយកការទទួលខុសត្រូវនេះ ហើយសូមជូនពរឱ្យលោកទទួលបានជោគជ័យគ្រប់ភារកិច្ច ក្នុងបេសកកម្មនេះ»។
លោកស្រី Sandu បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃសុក្រថា លោកស្រីនឹងពិគ្រោះជាមួយក្រុមមានសំឡេងនៅសភា នាសប្តាហ៍នេះ ដើម្បីតែងតាំងអ្នកស្នងតំណែងលោក Munteanu។ គណបក្សសកម្មភាព និងសាមគ្គីភាព (PAS) ដែលគាំទ្រអឺរ៉ុបរបស់លោកស្រី គ្រប់គ្រងសំឡេងភាគច្រើន នៅក្នុងសភាដែលមាន ១០១អាសនៈ៕