ជនប៉ាឡេស្ទីននៅទីក្រុងហ្កាហ្សា បានបង្ហាញក្តីសង្ឃឹមរបស់ពួកគេ ការប្រកាសរបស់ក្រុមហាម៉ាសថា ពួកគេនដឹងរំសាយស្ថាប័នរបស់ខ្លួន នៅតំបន់ហ្កាហ្សា នឹងជំរុញផែនការកសាងដែនដីជាប់មាត់ឆ្នេរមួយនេះឡើងវិញ ។
លោក Moaz Al-Tahrawy គឺជាពលរដ្ឋមួយរូបរស់នៅក្នុងទីក្រុងហ្កាហ្សា និយាយថា ពួកយើងកំពុងរង់ចាំមើលថាតើអ្វីទៅដែលពួកគេចង់ធ្វើនៅក្នុងតំបន់មួយនេះ ពួកយើងកំពុងរង់ចាំឲ្យការកសាងឡើងវិញកើតឡើងនៅក្នុងតំបន់មួយនេះ ពួកយើងរង់ចាំការទាញយកសាកសពចេញពីក្រោមគំនរបាក់បែក ។
លោកបន្តថា ពួកយើងក៏កំពុងរង់ចាំឱកាសការងារសម្រាប់យុវជនរបស់ពួកយើងផងដែរ ដែលរស់នៅដោយគ្មានការងារធ្វើ ដោយសារតែគ្មានឱកាសការងារសម្រាប់យុវជននៅទីនេះ ។
គួរឲ្យដឹងថា ក្រុមហាម៉ាស បានប្រកាសកាលពីថ្ងៃចន្ទ ទី៦ ខែកក្កដា អំពីការរំលាយស្ថាប័នដែលបានគ្រប់គ្រងតំបន់ហ្កាហ្សារយៈពេលជិត ២ទសវត្សរ៍មកហើយ ដោយបើកផ្លូវសម្រាប់គណៈកម្មាធិការបច្ចេកទេស ដើម្បីអនុវត្តការគ្រប់គ្រងស៊ីវិល។
ការប្រកាសបែបនេះ បង្ហាញពីការផ្លាស់ប្តូរនយោបាយដ៏សំខាន់ធ្វើឡើងដោយក្រុមហាម៉ាសដែលបានគ្រប់គ្រងតំបន់ហ្កាហ្សាចាប់តាំងពីក្រុមអ្នកប្រយុទ្ធរបស់ខ្លួនបានដណ្តើមការគ្រប់គ្រងពីក្រុម Fatahចលនាប៉ាឡេស្ទីន កាលពីឆ្នាំ២០០៧ ៕