ក្រុមដឹកនាំអង្គការណាតូ បានចាប់ផ្តើមបញ្ចេញកិច្ចព្រមព្រៀងអាវុធតម្លៃរាប់ពាន់លានដុល្លារ នៅប្រទេសទួរគីនាថ្ងៃអង្គារនេះ ដើម្បីបង្ហាញថា ពួកគេកំពុងធ្វើតាមការអំពាវនាវរបស់សហរដ្ឋអាមេរិក ឲ្យចំណាយបន្ថែមទៀត ដើម្បីការពារអឺរ៉ុប មុនជំនួបជាមួយលោកប្រធានាធិបតី Donald Trump ។
នៅថ្ងៃអង្គារនេះ ប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan បានស្វាគមន៍សមភាគីអាមេរិករបស់លោក គឺលោក Trump នៅក្នុងរដ្ឋធានី Ankara ខណៈដែលកិច្ចប្រជុំកំពូលរបស់អង្គការណាតូ រយៈពេល ២ថ្ងៃ បានចាប់ផ្តើម ។
លោក Erdogan បានស្វាគមន៍លោក Trump ដោយផ្ទាល់ នៅពេលលោកធ្វើដំណើរទៅដល់អាកាសយានដ្ឋាន Esenboga។
គួរឲ្យដឹងថា ប្រមុខរដ្ឋ និងរដ្ឋាភិបាលនៃអង្គការណាតូ ក៏ដូចជាមេដឹកនាំមកពីប្រទេសដៃគូសំខាន់ៗ កំពុងជួបប្រជុំគ្នា នៅទីក្រុង Ankara សម្រាប់កិច្ចប្រជុំកំពូលឆ្នាំ ២០២៦ របស់សម្ព័ន្ធមិត្តមួយនេះ ។
កិដ្ចប្រជុំនេះដែរ នឹងផ្តោតលើការអនុវត្តការប្តេជ្ញាចិត្ត ចំពោះការចំណាយលើវិស័យការពារជាតិ ដែលបានព្រមព្រៀងគ្នា នៅក្នុងកិច្ចប្រជុំកាលពីឆ្នាំមុន នៅទីក្រុងឡាអេ ប្រទេសហូឡង់ ការបន្តការគាំទ្រផ្នែកយោធា សម្រាប់អ៊ុយក្រែន និងការពង្រីកផលិតកម្មឧស្សាហកម្មការពារជាតិ ។
ខណៈពេលនោះដែរ ប្រមុខអង្គការណាតូលោក Rutte និយាយថា សម្ព័ន្ធមិត្តអង្គការរបស់លោក បានប្តេជ្ញាចិត្តធ្វើការរួមគ្នា ដើម្បីទទួលបានការស្តា ការដឹកជញ្ជូន និងគ្រប់គ្រងស្តុកគ្រឿងយុទ្ធោបករសំខាន់ៗ ហើយគំនិតផ្តួចផ្តើមនេះជាប់ពាក់ព័ន្ធនឹងប្រទេសបែលហ្ស៊ិក កាណាដា ដាណឺម៉ាក ហ្វាំងឡង់ ក្រិក អ៊ីតាលី លុចសំបួរ ហូឡង់ ន័រវែស អេស្ប៉ាញ ស៊ុយអែត និងទួរគី ។
លោកថា សម្ព័ន្ធមិត្តណាតូ នឹងវិនិយោគទុកផងដែរនូវថរិកាជាង ៤០ពាន់លានដុល្លារ ក្នុងរយៈពេល ៥ឆ្នាំបន្ទាប់ លើសមត្ថភាពរបស់ពួកគេ ដើម្បីការពារប្រឆាំងយានដ្រូន ៕