សប្តាហ៍នេះ តំបន់ហ្កាហ្សាប្រារព្ធខួប ១ពាន់ថ្ងៃ ចាប់តាំងពីសង្រ្គាមប្រល័យពូជសាសន៍អ៊ីស្រាអែលចាប់ផ្តើម ហើយការិយាល័យព័ត៌មានហ្កាហ្សា រាយការណ៍ថា ជាង ៩០ភាគរយនៅក្នុងតំបន់មួយនេះ ត្រូវបានបំផ្លិចបំផ្លាញទាំងស្រុង ។
នៅថ្ងៃទី ៦ ខែកក្កដា ក្រសួងសុខាភិបាលហ្កាហ្សា បានកំណត់ចំនួនមនុស្សស្លាប់សរុប ១.០៧២នាក់ ចាប់តាំងពីបទឈប់បាញ់កាលពីខែតុលា ធ្វើឲ្យតួលេខមនុស្សស្លាប់សរុបចាប់តាំងពីខែតុលា ឆ្នាំ ២០២៣ កើនឡើងដល់ ៧៣.០៩៨នាក់ ។
ការសម្លាប់រង្គាលនេះ មិនទាន់បញ្ឈប់នោះទេនៅថ្ងៃខួបលើកទី ១ពាន់នៃអំពើប្រល័យពូជសាសន៍របស់អ៊ីស្រាអែល ។
កងកម្លាំងអ៊ីស្រាអែលបានសម្លាប់ជនប៉ាឡេស្ទីនយ៉ាងហោច ៣នាក់ នៅក្នុងការវាយប្រហារយានដ្រូន នៅជិតស្ថានី al-Hilu កាលពីថ្ងៃទី ១ ខែកក្កដា និងមនុស្ស ៧នាក់ផ្សេងទៀត ក្នុងរយៈពេល ៤៨ម៉ោងបន្ទាប់ ដោយក្នុងចំណោមពួកគេមានទាំងកុមារម្នាក់ផងដែរ ដែលត្រូវបានសម្លាប់ដោយសារការទម្លាក់គ្រាប់បែក លើផ្លូវប្រសព្វ Shujayea ហើយក្មេងប្រុសអាយុ ១០ឆ្នាំ Tareq Sabah ត្រូវបានសម្លាប់នៅជិតទីក្រុង Khan Younis ។
ដោយឡែក ការវាយប្រហារលើសំពត់តង់ផ្តល់ជាទីជម្រកដល់ជនប៉ាឡេស្ទីនជម្លៀសខ្លួននៅតំបន់មនុស្សធម៌ al-Mawasi បានកើតឡើងវិញផងដែរ ពេញមួយសប្តាហ៍ ៕