
ក្រុមជួយសង្រ្គោះ បានជម្លៀសអ្នកស្រុក និងភ្ញៀវទេសចរបរទេស ក្រោយភ្លៀងមូសុងវស្សាបានជន់លិចទីក្រុងទេសចរណ៍តំបន់ភ្នំ Lonavala ស្ថិតក្នុងរដ្ឋភាគខាងលិច Maharashtra ប្រទេសឥណ្ឌា ។
ក្រសួងឧតុនិយមឥណ្ឌា និយាយថា ស្រុក Pune ស្ថិតក្នុងរដ្ឋ Maharashtra រកឃើញភ្លៀងធ្លាក់កម្ពស់ប្រហែល ៩០មីលីម៉ែត្រ ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ ។
នៅទីក្រុង Chamoli ភ្ញៀវទេសចរមួយរូបមកពីរដ្ឋ Maharashtra និយាយថា អ្នកដំណើរបានរង់ចាំអស់រយៈពេលជាង ១ម៉ោង ស្របពេលដែលក្រុមអាជ្ញាធរ ព្យាយាមបោសសម្អាតផ្លូវដែលមានបំណាក់ដី មុនពេលអនុញ្ញាតឲ្យរថយន្តបន្តដំណើរទៅមុខ ។
ក្រុមជួយសង្រ្គោះ បានធ្វើដំណើរតាមផ្លូវរងការជន់លិចដោយប្រើប្រាស់ទូកពោង ដើម្បីដឹកអ្នកស្រុកទៅកាន់ទីសុវត្ថិភាព ។
អ្នកស្រុកម្នាក់ ដែលត្រូវបានជម្លៀសខ្លួននិយាយថា កម្រិតទឹកជន់ បន្តកើនឡើង ក្រោយភ្លៀងធ្លាក់ឥតឈប់ឈរ ក្នុងរយៈពេល ២-៣ថ្ងៃកន្លងមកនេះ ហើយក្រុមឆ្លើយតបគ្រោះមហន្តរាយ បានធ្វើដំណើរទៅដល់តំបន់រងគ្រោះ រយៈពេល ១ម៉ោង ក្រោយការប្រកាសអាសន្ន ។
ក្រសួងឧតុនិយមឥណ្ឌា និយាយថា ពួកគេបានចេញសេចក្តីប្រកាសអាសន្នកម្រិតពណ៌ក្រហមសម្រាប់ភ្លៀងធ្លាក់ខ្លាំងនៅរដ្ឋ Gujarat រដ្ឋតំបន់ឆ្នេរ Maharashtra និងរដ្ឋ Karnataka ។
ភ្លៀងធ្លាក់ខ្លាំង បានកើតមានឡើង បើទោះបីជាឥណ្ឌា ជួបខែមិថុនាស្ងួតបំផុតទី ៥របស់ខ្លួន ចាប់តំាងពីកំណត់ត្រាចាប់ផ្តើមកាលពីឆ្នាំ ១៩០១ក៏ដោយ ធ្វើឲ្យមានក្តីបារម្ភចំពោះទិន្នផលកសិកម្ម និងកំណើនសេដ្ឋកិច្ចឥណ្ឌា ៕