ក្រុមមេដឹកនាំណាតូបានបង្ហាញកិច្ចព្រមព្រៀងអាវុធដែលមានតម្លៃរាប់សិបពាន់លានដុល្លារនៅក្នុងប្រទេសទួរគីកាលពីថ្ងៃអង្គារ៧ កក្កដា ដោយបង្ហាញពីសារថាពួកគេកំពុងយកចិត្តទុកដាក់ចំពោះការអំពាវនាវរបស់សហរដ្ឋអាមេរិកឱ្យចំណាយប្រាក់បន្ថែមទៀតដើម្បីការពារអឺរ៉ុប ទោះបីជាប្រធានាធិបតី Donald Trump បាននិយាយថាលោកមានអារម្មណ៍ខកចិត្ត និងបានបន្តការជំរុញរបស់លោកដើម្បីគ្រប់គ្រងដែនដី Greenland ក៏ដោយ។

បណ្ដាមេដឹកនាំកំពុងជួបជុំគ្នាសម្រាប់កិច្ចប្រជុំកំពូលរយៈពេល២ថ្ងៃ គឺថ្ងៃទី៧ និង៨កក្កដា សប្ដាហ៍នេះនៅរដ្ឋធានីអង់ការ៉ា ប្រទេសទួរគី ដោយសង្ឃឹមថានឹងបង្ហាញពីឯកភាពបន្ទាប់ពីឆ្នាំដ៏ជូរចត់មួយទៀត ដោយសង្គ្រាមអ៊ីរ៉ង់បានបង្ហាញពីការប្រេះស្រាំនៅក្នុងសម្ព័ន្ធភាព ដែលបានគាំទ្រសន្តិសុខលោកខាងលិចចាប់តាំងពីចុងបញ្ចប់នៃសង្គ្រាមលោកលើកទីពីរ។

នៅក្នុងកិច្ចប្រជុំជាមួយប្រធានាធិបតីទួរគី លោក Tayyip Erdogan លោក Trump បាននិយាយថាលោកប្រហែលជាបានធ្វើពហិការកិច្ចប្រជុំកំពូលណាតូទាំងស្រុង ប្រសិនបើមិនមែនព្រោះតែទំនាក់ទំនងកក់ក្តៅរបស់លោកជាមួយមេដឹកនាំទួរគី ហើយមិនបានច្រានចោលការដកកងទ័ពបន្ថែមទៀតពីអឺរ៉ុបនោះទេ។លោកថា ពួកលោកនឹងរង់ចាំមើល។ លោកខកចិត្តយ៉ាងខ្លាំងជាមួយណាតូ ដោយបានចង្អុលទៅចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ និងអ៊ីតាលី សម្រាប់ការមិនបានធ្វើគ្រប់គ្រាន់ដើម្បីគាំទ្រសង្គ្រាមរបស់សហរដ្ឋអាមេរិកលើអ៊ីរ៉ង់។
លោក Trump បានបន្ថែមថា ពួកលោកមិនត្រូវបានសម្ព័ន្ធមិត្តធ្វើល្អដាក់ទេ ទោះបីជាលោកបានបញ្ជាក់ជាថ្មីថា លោកមិនចង់បាន ឬត្រូវការជំនួយពីពួកគេក៏ដោយ។

លោក Trump បាននិយាយថា មុនពេលរូបលោកសួរ ពួកគេបាននិយាយថា ពួកគេនឹងមិននៅឈរជាមួយលោកទេ ហើយពួកលោកបានវិនិយោគរាប់ពាន់លានដុល្លារនៅក្នុងអង្គការណាតូ៕