តម្លៃប្រេងរបស់សហរដ្ឋអាមេរិក បានកើនឡើងជិត៣ភាគរយនៅក្នុងការជួញដូរដំបូងនៅថ្ងៃពុធនេះ ដែលបានបន្តការកើនឡើងពីរដូវកាលជួញដូរមុនៗ បន្ទាប់ពីយោធាអាមេរិកបានបើកការវាយប្រហារជាបន្តបន្ទាប់លើប្រទេសអ៊ីរ៉ង់ ដែលបង្កើនការព្រួយបារម្ភថាបទឈប់បាញ់ដ៏ផុយស្រួយកំពុងរង្គោះរង្គើ។

ការវាយប្រហារប្រឆាំងអ៊ីរ៉ង់ គឺជាការឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៊ីរ៉ង់លើនាវាពាណិជ្ជកម្មចំនួនបីគ្រឿងដែលកំពុងឆ្លងកាត់ច្រកសមុទ្រ Hormuz នេះបើយោងតាមបញ្ជាការដ្ឋានកណ្តាលសហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃអង្គារ។ ប្រេងឆៅ West Texas Intermediate របស់សហរដ្ឋអាមេរិកបានកើនឡើង១,៩៥ដុល្លារ ឬ២,៨ ភាគរយ មានតម្លៃ៧២,៣៩ដុល្លារក្នុងមួយបារ៉ែល ។

ប្រទេសកាតា បានដាក់កំហុសលើប្រទេសអ៊ីរ៉ង់ចំពោះការវាយប្រហារនាវាទាំងនោះ រួមទាំងនាវាដឹកឧស្ម័នធម្មជាតិរាវដ៏ធំរបស់ប្រទេសកាតាគឺនាវា Al Rekayyat ដែលត្រូវបានរាយការណ៍ថាត្រូវបានវាយប្រហារដោយយានដ្រូនបណ្តាលឱ្យមានអគ្គិភ័យនៅក្នុងបន្ទប់ម៉ាស៊ីនរបស់វា។ ក្រុមនាវិក មានសុវត្ថិភាព និងត្រូវបានជម្លៀសចេញ។
ប្រភពសន្តិសុខដែនសមុទ្របាននិយាយថា នាវាដឹកប្រេងឆៅបំពាក់ទង់ជាតិអារ៉ាប៊ីសាអ៊ូឌីត ដែលត្រូវបានគេជឿថាជានាវាដឹកប្រេងខ្នាតយក្ស Wedyan ក៏បានរងការខូចខាតនៅសមុទ្រអូម៉ង់ផងដែរ។ ការវិវត្តន៍នេះ បានបង្កឱ្យមានការព្រួយបារម្ភជាថ្មីអំពីការរំខានដល់ការធ្វើចរាចរណ៍នាវាដឹកប្រេងឆ្លងកាត់ច្រកសមុទ្រ Hormuz។