ប្រធានក្រុមជម្រើសជាតិបារាំង Kylian Mbappe និងមិត្តរួមក្រុម បានបន្តការហ្វឹកហាត់ ដើម្បីត្រៀមប្រកួតវគ្គ ៨ ក្រុមចុងក្រោយនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2026 ទល់នឹងក្រុមជម្រើសជាតិម៉ារ៉ុក។
ការត្រៀមប្រកួតរបស់ក្រុមបារាំង ធ្វើឡើងស្របពេល Mbappe កំពុងស្ថិតនៅក្នុងការចាប់អារម្មណ៍ពីមហាជន បន្ទាប់ពីគេបានចេញមុខថ្កោលទោស ចំពោះការវាយប្រហារបែបរើសអើងពូជសាសន៍ពីសមាជិកព្រឹទ្ធសភាប៉ារ៉ាហ្គាយ លោកស្រី Celeste Amarilla។
Mbappe គឺជាវីរបុរសរបស់បារាំងក្នុងជ័យជម្នះ ១-០ លើក្រុមប៉ារ៉ាហ្គាយនៅវគ្គ ១៦ ក្រុមចុងក្រោយនៅទីក្រុង Philadelphia កាលពីថ្ងៃអាទិត្យដោយស៊ុតគ្រាប់ជ័យជំនះបាល់ពិន័យ ១១ ម៉ែត្រជួយឱ្យបារាំងឈានទៅវគ្គបន្ត។
ក្រោយការប្រកួត លោកស្រី Celeste Amarilla បានបង្ហោះសារនៅលើបណ្ដាញសង្គម X ដោយប្រើពាក្យសម្ដីប្រមាថ និងរើសអើងពូជសាសន៍ ដោយអះអាងថា Mbappe ជា «ជនជាតិកាមេរូនដែលស្ថិតក្រោមអាណានិគម ហើយព្យាយាមធ្វើខ្លួនជាជនជាតិបារាំង»។ លោកស្រីក៏បានប្រមាថថា Mbappe ជា «មនុស្សព្រៃផ្សៃ» និងថែមទាំងនិយាយថា កីឡាករប៉ារ៉ាហ្គាយគួរតែទះកំផ្លៀងរូបគេក្រោយចប់ការប្រកួត។
ជាការឆ្លើយតប Mbappe បានចេញសេចក្តីថ្លែងការណ៍យ៉ាងម៉ឺងម៉ាត់ ដោយមិនត្រឹមតែការពារខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងការពារកីឡាករក្រុមជម្រើសជាតិប៉ារ៉ាហ្គាយផងដែរ ដោយលើកឡើងថា ពួកគេមិនគួរត្រូវបានភ្ជាប់ជាមួយនឹងការលើកឡើងដែលបង្កការស្អប់ខ្ពើមបែបនេះឡើយ។
ទន្ទឹមនឹងនេះ សហព័ន្ធបាល់ទាត់បារាំង (FFF) បានប្រកាសថា នឹងដាក់ពាក្យបណ្ដឹងព្រហ្មទណ្ឌប្រឆាំងនឹងលោកស្រី Amarilla ដោយចាត់ទុកការលើកឡើងទាំងនោះថា «គួរឱ្យស្អប់ខ្ពើម និងមិនអាចទទួលយកបានជាដាច់ខាត»។
រដ្ឋាភិបាលប៉ារ៉ាហ្គាយក៏បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោស និងបដិសេធចំពោះការលើកឡើងរបស់លោកស្រី Amarilla ដោយបញ្ជាក់ថា សម្ដីទាំងនោះផ្ទុយពីគុណតម្លៃ និងគោលការណ៍នៃការរស់នៅដោយសន្តិភាព និងការគោរពសេចក្ដីថ្លៃថ្នូររបស់មនុស្ស ដែលប្រទេសប៉ារ៉ាហ្គាយតែងតែលើកកម្ពស់។
ការិយាល័យប្រធានាធិបតីបារាំង Emmanuel Macron បានបញ្ជាក់ថា ប្រធានាធិបតីប៉ារ៉ាហ្គាយបានផ្ញើសារទៅកាន់លោក Macron ដើម្បីបង្ហាញការគាំទ្រ និងថ្កោលទោសចំពោះការលើកឡើងបែបរើសអើងពូជសាសន៍នេះ។
ជាមួយគ្នានេះ ប្រធានសភាប៉ារ៉ាហ្គាយ លោក Basilio Nunez ក៏បានអះអាងថា ការលើកឡើងរបស់លោកស្រី Amarilla មិនតំណាងឱ្យ «គុណតម្លៃពិតប្រាកដរបស់ប្រជាជនប៉ារ៉ាហ្គាយ» នោះឡើយ៕ អត្ថបទ៖នាង សុភាវុធ






