ភ្នំពេញ៖ ល្ងាចមិញនេះ ក្នុងឱកាសនៃថ្ងៃបុណ្យចូលព្រះវស្សាត្រូវនឹងថ្ងៃទី១៧ ខែកក្កដា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងសហការី ព្រមទាំងក្រុមគ្រួសារ បានអញ្ជើញនាំយកទៀនព្រះវស្សា បច្ច័យ ទេយ្យទាន សម្ភារៈបរិក្ខារជាច្រើនមុខ ទៅ ប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សា នៅវត្តមុនីសុវណ្ណ (ហៅចំពុះក្អែក) ស្ថិតនៅ ក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
វត្តមានដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញទៅកាន់វត្តមុនីសុវណ្ណ ហៅចំពុះក្អែក នៅពេលនេះ ក៏ដូចជាការអញ្ជើញទៅកាន់ទីវត្តអារ៉ាមនានា ជាសក្ខីភាពបង្ហាញពីការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ របស់សម្តេចទាំងទ្វេ ទៅលើការគោរពប្រតិបត្តិ ចំពោះវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ រួមជាមួយនឹងប្រជាពលរដ្ឋដែលជាអ្នកកាន់ព្រះពុទ្ធសាសនាប្រមាណជា៩០%នៅទូទាំងប្រទេស ដែលវត្តមានដ៏ថ្លៃថ្លារបស់សម្តេចអញ្ជើញទៅកាន់បណ្តាវត្តអារ៉ាមនានា តែងតែនាំនូវបច្ច័យ ទេយ្យទាន យ៉ាងច្រើនសន្ធឹកសន្ធាប់ ប្រគេនព្រះសង្ឃ និងសម្រាប់ទ្រងទ្រង់ការអភិវឌ្ឍ កសាងសមិទ្ធផលនានា ទាំងនៅក្នុងវិស័យពុទ្ធចក្រ និងអាណាចក្រឱ្យរីកចម្រើនជាបន្ត។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងសហការី ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី និងក្រុមគ្រួសារ ក៏បានអញ្ជើញធ្វើកិច្ចតាមប្រពៃណីនៃព្រះពុទ្ធសាសនា ដើម្បីឧទ្ទិសនូវផល្លាអានិសង្ឃ ជូនទៅដល់ដួងវិញ្ញាណក្ខន្ធ បុព្វការីជន មាន មាតា បិតា របស់សម្តេច គឺលោកមហាឧបាសិកា ឌី ប៉ុក ,អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង ដែលជាមាតា បិតាបង្កើតរបស់សម្តេចតេជោ, លោកមហាឧបាសក លីន គ្រី ដែលជាបិតាបង្កើតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, វិញ្ញាណក្ខន្ធ ជីដូន ជីតា, វិញ្ញាណក្ខន្ធ បុត្រច្បងរបស់សម្តេចដែលបានបាត់បង់ជីវិតនៅក្នុងរបបប្រល័យពូជសាសន៍និងវិញ្ញាណក្ខន្ធញាតិការទាំង៧សន្តានដែលបានចែកឋានទៅហើយនោះ សូមឱ្យដួងវិញ្ញាណក្ខន្ធ របស់អស់លោកអ្នកទាំងនោះបានទទួលយកមនុញ្ញផល និង ងាកក្រោយឱ្យពរជ័យ ដល់រូបសម្តេចទាំងពីរ និងមាតារបស់សម្តេចគឺលោកមហាឧបាសិកា ប៊ុន ស៊ាងលី ព្រមទាំងក្រុមគ្រួសារ បុត្រា បុត្រី ចៅប្រុស ចៅស្រីជាទីស្រឡាញ់ សូមឱ្យមានសុខភាពល្អ ប្រាជ្ញាឆ្លាតវៃ និង អាយុយឺនយូរ។
បុណ្យចូលព្រះវស្សាគឺជាពិធីបុណ្យមួយដែលមានសារៈសំខាន់ក្នុងព្រះពុទ្ធសាសនា ជាពេលវេលាដ៏សំខាន់សម្រាប់ភិក្ខុសង្ឃ និងសាមណេបានរៀនធម៌ និងវិន័យយ៉ាងខ្ជាប់ខ្ជួនតាមពុទ្ធឱវាទ។ បងប្អូនដែលជាអ្នកមានជំនឿទៅលើព្រះពុទ្ធសាសនា តែងតែនាំគ្នាប្រារព្ធពិធីបុណ្យដោយនាំយកជាសាដក អង្ករ ភេសជ្ជៈ និងរបស់ប្រើប្រាស់ផ្សេងៗ ទៅប្រគេនព្រះសង្ឃតាមលទ្ធភាព។
ពិធីបុណ្យចូលព្រះវស្សា គឺជាការរៀបចំអោយ ឈប់សម្រាកនៅទីណាមួយ រឺក្នុងវត្តអារាមណា មួយក្នុងរយៈពេល៣ខែក្នុងរដូវធ្លាក់ភ្លៀង និងមិនអនុញ្ញាតអោយនិមន្តទៅទីឆ្ងាយ ដោយដាច់រាត្រីឆ្លងថ្ងៃនោះឡើយ លើកលែងតែមានភារកិច្ចសំខាន់ចាំបាច់ ដូចជាឪពុកម្តាយឈឺធ្ងន់ រឺនិមន្តទៅសម្ដែងធម៌ជាដើម ដោយតាំងចិត្តត្រលប់មកវិញក្នុងរយៈពេល ៧ថ្ងៃ។
ពិធីបុណ្យចូលព្រះវស្សា ប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំចាប់ពីថ្ងៃ១រោចខែអាសាធដល់ថ្ងៃ ១៥ កើត ខែអស្សុជ។ តែពិធីត្រូវបានចាប់ផ្តើមនៅល្ងាចថ្ងៃទី ១៥កើត ខែអាសាឍ ដោយមានការចូលរួមពីសំណាក់បងប្អូននិងចាស់ទុំចំណុះជើងវត្ត នាំគ្នាហែរទៀនវស្សា សំពត់ សាដក និងសម្ភារៈប្រើប្រាស់ផ្សេងៗ ហែរជុំវិញព្រះវិហារ និងបន្ទាប់មកសម្តែងធម៌ទេសនា និងវេរទៀនវស្សា និងសម្ភារៈប្រគេនព្រះសង្ឃ។
នៅពេលព្រឹកឡើងនៅថ្ងៃទី ១រោច ខែអាសាឍ មានម្ហូបអាហារ បង្អែម ប្រគេនដល់ព្រះសង្ឃ ហើយក្នុងអំឡុងរយៈ ៣ខែនេះ បងប្អូនដែលមានទម្លាប់គោរពព្រះពុទ្ធសាសនា ក៏និយមបន្តធ្វើម្ហូប នំចំណី និងគ្រឿងប្រើប្រាស់ផ្សេងៗមកប្រគេនជាបន្តបន្ទាប់សម្រាប់ផ្គត់ផ្គង់ព្រះសង្ឃគង់ចាំព្រះវស្សានេះក្នុងអំឡុងពេលនេះដែរ។
ក្រៅពីរបស់ប្រើប្រាស់ និងម្ហូបអាហារ ពុទ្ធបរិស័ទ ក៏បានជាវទានវស្សាទៅប្រគេនព្រះសង្ឈផងដែរ ព្រោះខ្មែរយើងមានជំនឿថាពន្លឺទៀន គឺជួយបំភ្លឺអនាគតជាតិអោយភ្លឺស្រស់បំព្រង និងមានសេចក្តីសុខចម្រើនដោយអំពើល្អ សេចក្តីល្អ ហើយគេត្រូវរក្សាភ្លើងទៀន ឱ្យ ឆេះជាប់ រហូតគ្រប់ រយៈពេល បី ខែ។ មួយវិញទៀត នេះក៏ជាការ ជួយដល់វត្តអារាមក្នុងការមានទៀនប្រើប្រាស់ដើម្បីដុតបំភ្លឺនៅពេលយប់ផងដែរ។
សូមបញ្ជាក់ថា នៅក្នុងឱកាសបុណ្យចូលព្រះវស្សាឆ្នាំនេះ លោកមហាឧបាសិកា ប៊ុន ស៊ាងលី ព្រមទាំងកូនចៅ ដែលរួមមានសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងក្រុមគ្រួសារ បង ប្អូន កូនចៅ របស់លោកមហាឧបាសិកា បានចាត់ចែងវេរទៀនព្រះវស្សាដល់វត្តនៅទូទាំង២៥ រាជធានី ខេត្ត សរុបចំនួនមាន១៣០គូរ ដែលក្នុងវត្តនីមួយៗ មានទៀន១គូរ,សម្ភារៈ បរិក្ខារជាច្រើនមុខ និងបច្ច័យក្នុងមួយវត្ត៥០ម៉ឺនរៀល។
ដោយឡែកសម្រាប់វត្តមុនីសុវណ្ណ ហៅចំពុះក្អែក នៅថ្ងៃនេះ ជាមួយនឹងទៀនព្រះវស្សា សំភារៈ បរិក្ខា២៤មុខ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បាននាំបច្ច័យ យកប្រគេនសម្តេច និងព្រះសង្ឃដែល យាងនិងនិមន្តចូលរួមជាង២០០អង្គ និងបានប្រគេនបច្ច័យ សម្រាប់ការកសាងវត្ត ដែលបានមកពី ការចូលរួមរបស់លោកជំទាវ ឯកឧត្តម លោក លោកស្រីនៅក្នុងឱកាសនេះ សរុបមានប្រាក់ដុល្លារជិត៨ពាន់ដុល្លារអាមេរិក និងប្រាក់រៀលជិត៣០លានរៀលផងដែរ៕