កូរ៉េខាងជើង៖ ប្រទេសកូរ៉េខាងជើងបាននិយាយថា ខ្លួននឹងដោះលែងអ្នកទោសទេសចរជប៉ុនម្នាក់ ដោយផ្អែកទៅលើមូលដ្ឋានមនុស្សធម៌។
មានព័ត៌មានតិចតួចណាស់ ដែលគេបានទទួលដំណឹងពីលោក តូម៉ូយូគី ស៊ូជីម៉ូតុ ប៉ុន្តែគេដឹងថា លោកត្រូវបានចាប់ខ្លួនកាលពីដើមខែនេះ។ ប្រទេសកូរ៉េខាងជើងមិនបាននិយាយថា តើហេតុអ្វីបានជាលោកត្រូវចាប់ខ្លួន? ដោយគ្រាន់តែនិយាយថា លោកបានធ្វើឲ្យខូចច្បាប់ទម្លាប់របស់កូរ៉េខាងជើង។ ប្រព័ន្ធផ្សព្វផ្សាយរបស់ជប៉ុនបាននិយាយថា លោក ស៊ូជីម៉ូតុ អាចទៅថតទីកន្លែងយោធារបស់កូរ៉េខាងជើង ដែលជាហេតុធ្វើឲ្យមានការចាប់ខ្លួនលោកយ៉ាងដូច្នេះ។ អ្នកទេសចរទាំងឡាយដែលទៅលេងកូរ៉េខាងជើង ត្រូវបានគេតាមដានយ៉ាងតឹងរឹងបំផុត និងគ្រប់ពេលវេលា។ ប្រទេសឯកោមួយនេះជារឿយៗបានចាប់អ្នកទេសចរដាក់ពន្ធនាគារ ហើយជួនកាលពេលខ្លះបានលើកយកហេតុផងផ្សេងៗមកសំអាង ហើយបានប្រើប្រាស់អ្នកទោសទាំងនោះ ដើម្បីធ្វើជាឧបករណ៍តថ្លៃនៅក្នុងការចរចារបស់ខ្លួន ជាមួយនឹងប្រទេសរបស់អ្នកទោសទាំងនោះ៕
អត្ថបទ៖ មករា
