អ៊ុយក្រែន៖ អភិបាលតំបន់ Lviv បាននិយាយនៅលើបណ្ដាញសង្គម Telegram ថា កំពូលតារាហូលីវូដ និងជាប្រេសិតពិសេសផ្នែកមនុស្សធម៌របស់អង្គការសហប្រជាជាតិលោកស្រី Angelina Jolie បានធ្វើដំណើរគួរឲ្យភ្ញាក់ផ្អើលទៅកាន់ទីក្រុង Lviv ភាគខាងលិចប្រទេសអ៊ុយក្រែនកាលពីចុងសប្ដាហ៍នេះ។
យោងតាមលោក Maksym Kozytskyy លោកស្រី Jolie ដែលបានក្លាយជាប្រេសិតពិសេសទទួលបន្ទុកជនភៀសខ្លួនរបស់ UNHCR ចាប់តាំងពីឆ្នាំ២០១១ មកបានទៅជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋធ្វើបម្លាស់ទី ដែលបានស្វែងរកទីជ្រកកោននៅក្នុងទីក្រុង Lviv រួមទាំងក្មេងៗដែលកំពុងសម្រាកព្យាបាលរបួសដោយសារការវាយប្រហារមីស៊ីលលើស្ថានីយរថភ្លើង Kramatorsk កាលពីដើមខែមេសា។ លោកស្រីបានទៅកាន់គ្រឹះស្ថានវេជ្ជសាស្ត្រ និងនិយាយជាមួយក្រុមបុគ្គលិក និងមន្ត្រីមូលដ្ឋានអំពីផលប៉ះពាល់ដោយសារសង្គ្រាមទៅលើជីវិតរបស់ពួកគេ៕

អត្ថបទ៖ សុខមាន